រយៈពេល១៦ឆ្នាំ និង៣ជំនាន់ប្រធានា ធិបតីអាមេរិក គឺសង្គ្រាមនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន នៅតែមិនទាន់រកឃើញ ទីបញ្ចប់នៅឡើយ។ អាហ្វហ្គានីស្ថានក្លាយជាទីលានសមរភូមិយូរបំផុតរបស់អាមេរិក។
កាលពីថ្ងៃទី២១ខែសីហា ប្រធានាធិប តីអាមេរិកដូណាល់ ត្រាំបានប្រកាសថា អាមេរិកនឹងត្រូវបន្តសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានយូរអង្វែងទៀតដើម្បី បញ្ចៀសលទ្ធផលអាក្រក់។ នៅពេលនេះអាមេរិកមិនអាចដកទាហានចេញបានទេក្រោយ ពី១៦ឆ្នាំធ្វើសង្គ្រាមនៅទីនោះ។ បើអាមេរិកដកចេញ នឹងទុកឲ្យមានចន្លោះ ប្រហោង ពេលនោះក្រុមភេរវកម្ម នឹងរីកធំ ធាត់ជាមិនខាន ដូចជាក្រុម តាលីបង់, អាល់កៃដា និង ISជាដើម។
មិនត្រឹមតែមិនដកទ័ពចេញណនោះទេ គឺ លោកត្រាំបានសម្រេចបញ្ជូនទាហាន បន្ថែមទៅអាហ្វហ្គានីស្ថាន ដល់ទៅ ៣.៩០០នាក់ទៀតផង។ តែបើយោងតាម ក្រុមជំនាញ គឺមិនគ្រប់គ្រាន់នឹងទប់ទល់ ក្រុមភេរវករឡើយ ។ យោងតាមអ្នកជំនាញ ថា បើចង់ទប់ទល់ ទាល់តែមានទាហានយ៉ាងហោចណាស់ក៏៣០ម៉ឺននាក់ដែរ ប៉ុន្តែទាហានអន្តរជាតិនៅអាហ្វហ្គានីស្ថាន មាន មិនដល់២ម៉ឺននាក់ផង។
ឥឡូវនេះ គេកំពុងបារម្ភថា ការដែល អាមេរិកសម្រេចមិនដកទ័ពទៅវិញនេះ នឹងធ្វើអោយក្រុមតាលីបង់ធ្វើការវាយ ប្រហារកាន់តែខ្លាំង នៅអាហ្វហ្គានីស្ថាន ហើយអ្នកដែលរងគ្រោះធ្ងន់ធ្ងរនោះ គ្មាន អ្នកណាក្រៅពីប្រជាជនស្លូតត្រង់នោះទេ។ ក្រោយលោកដូណាល់ ត្រាំ ប្រកាសមិន ដកទាហាននេះ ក្រុមតាលីបង់បានព្រមាន រួចហើយថា នឹងបន្តសកម្មភាពជីហាដ របស់ខ្លួនតទៅទៀត។
តាំងពីដើមមក លោកដូណាល់ ត្រាំ មានជំហរចង់ឲ្យអាមេរិកដកកងទ័ពចេញពី អាហ្វហ្គានីស្ថាន មិនចង់ឲ្យទ័ពអាមេរិកបន្តស្លាប់ក្នុងហិង្សានៅអាហ្វហ្គានីស្ថានទៀតទេ។ លោកដូណាល់ ត្រាំ ទទួលស្គាល់ថា លោកមានការលំបាកក្នុងការសម្រេចចិត្តអំពីរឿងនេះ។ លោកថា លោកចង់ដក ប៉ុន្តែដល់ពេលត្រូវសម្រេចចិត្ត លោកបែរជាធ្វើផ្សេងពីចិត្តលោកទៅវិញ។ មូលហេតុ គឺដោយសារលោកត្រាំយល់ថា បើអាមេរិកឆាប់ដកទ័ពពីអាហ្វហ្គានីស្ថានពេក ក្រុម ភេរវករដូចជាក្រុមតាលីបង់ ច្បាស់ជាកាន់ តែបានចិត្ត ហើយឆ្លៀតពេលវាយប្រហារកាន់តែខ្លាំងយកដែនដីបានកាន់តែច្រើន ពីរដ្ឋាភិបាលក្រុងកាប៊ុល។ លោកដូណាល់ ត្រាំគិតមិនខុសទេ។ មើលភាពជាក់ស្តែង រដ្ឋអំណាចអាហ្វហ្គានីស្ថានកាន់កាប់ដែនដីសឹងមិនដល់ពាក់កណ្តាលផង។ ក្រុម ជំនាញគិតថា ការដែលអាមេរិកប្តូរចិត្ត សម្រេចមិនដកទ័ពចេញភ្លាមៗបែបនេះ គឺជាដំណោះស្រាយបន្ទាន់ ប្រឈមនឹងស្ថានការណ៍ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលនៅតែបន្តរងគ្រោះដោយក្រុមតាលី បង់។
រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក ចេម ម៉ាទិស ប្រាប់ថា លោកនឹងពិភាក្សាជាមួយអង្គការអូតង់ឲ្យបានឆាប់បំផុត ហើយ ប្រាប់ទៀតថា ប្រទេសដៃគូអាមេរិកជាច្រើនបានសន្យាបន្ថែមកងទ័ពពួកគេផងដែរ។ គិតទៅ អាមេរិកធ្វើអន្តរាគមន៍យោធានៅអាហ្វហ្គានីស្ថាន១៦ឆ្នាំហើយ គឺតាំងពីឆ្នាំ ២០០១មក ដើម្បីគាស់រំលើងក្រុមភេរវករតាលីបង់ ដែលគាំទ្រក្រុមអាល់កៃដា។ ក្រុមអាល់កៃដានេះហើយ ដែលបានបង្កភេរវកម្មសម្លាប់ប្រជាជនអាមេរិក កាលពី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ប៉ុន្តែ អន្តរាគមន៍១៦ឆ្នាំមកនេះ ក៏នៅតែពិបាក មិនអាចរកសន្តិភាពឲ្យអាហ្វហ្គានីស្ថានបាន ព្រោះតែក្រុមតាលីបង់នៅតែមាន អានុភាពរឹងមាំ។
ទាហានអាមេរិកនៅ អាហ្វហ្គានីស្ថានសព្វថ្ងៃ មាន៨.៤០០នាក់ បម្រើការក្នុងកងកម្លាំងអន្តរជាតិ ដែលមាន កងទ័ពសរុប ១ម៉ឺន៣ពាន់៥រយនាក់។ កងទ័ពអន្តរជាតិទាំងនេះ មានតួនាទីផ្តល់ យោបល់ ជួយដល់កងទ័ពអាហ្វហ្គានីស្ថាន កម្ចាត់ភេរវកម្ម។ រដ្ឋាភិបាលក្រុងកាប៊ុលបានស្វាគមន៍នឹងការសម្រេចរបស់លោកត្រាំ ដែលមិនដកកងទ័ពអាមេរិកចេញពី អាហ្វហ្គានីស្ថាន។
ដើម្បីរកដំណោះស្រាយបញ្ហាអាហ្វហ្គានីស្ថាន លោកត្រាំ មិនបានទាត់ចោលគោលគំនិតនៃការចរចាសន្តិភាពរវាងក្រុមតាលីបង់ នឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថានទេ ហើយ លោកក៏បានទាមទារឲ្យក្រុងកាប៊ុលធ្វើ កំណែទម្រង់កម្ចាត់ អំពើពុករលួយ ឲ្យបាន ត្រឹមត្រូវដែរ។ លោកព្រមានថា អាមេរិកមិន មែនចេះតែជួយដោយគ្មានដែនកំណត់ ទេ។
នយោបាយអាមេរិក គាំទ្រឲ្យមានការចរចាសន្តិភាពរវាងក្រុមតាលីបង់ នឹងរដ្ឋា ភិបាលក្រុងកាប៊ុល មិនមែនជានយោបាយថ្មីទេ។ ដំណោះស្រាយបញ្ហាសង្គ្រាមអាហ្វហ្គានីស្ថាន ស្មុគស្មាញណាស់ មិនមែន មានត្រឹមតែភាគីតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថានតែ២តួអង្គនេះទេ គឺត្រូវ បន្តបែកធ្លាយរហូតដល់ប្រទេស២សំខាន់ទៀត ក្នុងតំបន់ គឺប៉ាគីស្ថាននិងឥណ្ឌា។
ប៉ាគីស្ថាននិងឥណ្ឌាប្រជែងគ្នា ដាក់ឥទ្ធិ ពលនៅអាហ្វហ្គានីស្ថាន។ ឥណ្ឌាបាន ផ្តល់លុយសន្ធឹកសន្ធាប់ជួយសាងសង់ អាហ្វហ្គានីស្ថានឡើងវិញ ដោយបានមើលឃើញថា អាចទទួលប្រយោជន៍សេដ្ឋកិច្ចនៅអាស៊ីកណ្តាល។ ប៉ុន្តែ ប៉ាគីស្ថានវិញមើល ឃើញថា ឥណ្ឌាធ្វើដូច្នេះ គឺដើម្បីឡោមព័ទ្ធទឹកដីប៉ាគីស្ថាន។ បើយើងមើលផែនទី ដែនដីប៉ាគីស្ថានស្ថិតនៅចន្លោះអាហ្វហ្គានីស្ថាន និងឥណ្ឌា។ ខាងលិចប៉ាគីស្ថាន គឺមានអាហ្វហ្គានីស្ថាន ហើយម្ខាងទៀត គឺខាងកើតប៉ាគីស្ថាន គឺជាដែនដីឥណ្ឌា។ ឥណ្ឌាអាចក្តោបប៉ាគីស្ថានបាន បើឥណ្ឌា ឆ្លងទៅអាហ្វហ្គានីស្ថាន តាមទឹកដីប៉ាគី ស្ថាននោះ។ កន្លងមក ប៉ាគីស្ថានធ្លាប់ ហាមមិនឲ្យឥណ្ឌាត្រង់ស៊ីតទំនិញ ក្នុងទឹក ដីប៉ាគីស្ថានទេ ជាទំនិញដែលឥណ្ឌាដោះដូរជាមួយអាហ្វហ្គានីស្ថាន។ ហេតុនេះ ឥណ្ឌាក៏ឆ្លងទៅអាហ្វហ្គានីស្ថានដោយវាងតាមផ្លូវទឹកវិញ។
អាមេរិក ដោះស្រាយបញ្ហាអាហ្វហ្គា នីស្ថាន ក៏គ្មានអ្វីថ្មីដែរ វាជាទិសដៅនយោបាយរបស់អាមេរិកតាំងតែពីអាណត្តិមុនៗមកម្ល៉េះ។ ខែមុននេះ រដ្ឋបាលលោកត្រាំ បានព្យួរជំនួយសម្រាប់ផ្នែកយោធាប៉ាគីស្ថាន ៥០លានដុល្លារ។ អាមេរិកចោទថា មកពីប៉ាគីស្ថានមិនសូវជាពេញដៃពេញជើង ក្នុងការកម្ចាត់ក្រុមហាក់កានី Haqqani ដែលជាក្រុមដៃគូរបស់ក្រុមតាលីបង់។
ក្រុមហាក់កានីនេះរងការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយផ្នែកចារកិច្ចប៉ាគីស្ថាន៕ ម៉ែវ សាធី