ភ្នំពេញ៖ កន្លងមក លោក សុខ អឿន និង ប្រពន្ធ បានដាក់ពាក្យបណ្ដឹងតវ៉ាទៅលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីសុំលុបលិខិតលេខ១៧៨៣ដនស/អគ្គាធិ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងដែនដី ដែលបានមោឃភាពនូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុរបស់ប្តីប្រពន្ធទាំងពីរ ទៅតាមរបាយការណ៍ស្នើសុំរបស់លោក សារិន វណ្ណា ប្រធានមន្ទីរដែនដីរាជធានី ដោយខុសពីការពិត។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ អ្នកទាំងពីរដាក់ពាក្យសុំទៅលោក ឃួង ស្រេង អតីតអភិបាលខណ្ឌសែនសុខ និងបច្ចុប្បន្នជាអភិបាលរាជធានី ដើម្បីសុំឱ្យលោកអភិបាលអន្តរាគមន៍ទៅលោកសារិន វណ្ណា បញ្ជាក់ពីភាពត្រឹមត្រូវ ស្របច្បាប់ ដែលកាលនោះ លោក ឃួង ស្រេង បានចុះហត្ថលេខា លើពាក្យសុំសាងសង់របស់ពួកគាត់ហ៊ុំព័ន្ធដីឡូតិ៍ តាមទំហំដែលច្បាប់ទទួលស្គាល់តាមវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) និងមានការចុះពិនិត្យ វាស់វែង ពីមន្រ្តីជំនាញភូមិបាលខណ្ឌសែនសុខ ។
ពួកគាត់អះអាងថា ពួកគាត់សាងសង់របងតាមទំហំដី មានក្នុងប័ណ្ណ មានការអនុញ្ញាតពីអាជ្ញាធរ បែរជាលោក សារិន វណ្ណា ធ្វើរបាយការណ៍បំភ័ន្ត លោក ជា សុផារ៉ា ដោយជឿលើឈ្មោះ សុខ សាន្ត ដោយបំភ្លៃការពិតថា លោក សុខ អឿន ធ្វើរបងរំលោភលើផ្លូវសាធារណៈ ហើយសុំមោឃភាពប័ណ្ណកម្មសិទ្ធិរបស់គាត់ ។
ពួកគាត់ បញ្ជាក់ថាបើពួកគាត់រំលោភយកផ្លូវសាធារណៈមែន ។ ដូច្នេះ លោក ឃួង ស្រេង ក៏រួមចំណែកក្នុងការឱ្យពួកគាត់រំលោភយកផ្លូវសាធារណៈដោយខុសច្បាប់ដែរ ។ ពួកគាតសំណូមពរទៅលោក ឃួង ស្រេង ឱ្យស្រាវជ្រាវចំពោះការសាងសង់របងរបស់ឈ្មោះ សុខ សាន្ត និង ឈ្មោះ សម វង តើមានច្បាប់អនុញ្ញាតទេ ព្រោះពួកគេទាំងពីរហ៊ុំព័ន្ធរបងលើពីទំហំដីដែលទទួលតាមប័ណ្ណនៅតែរួចពីសំណាញ់ច្បាប់ទៀត ៕ចេស្តា