ភ្នំពេញ: ដើម្បីពង្រឹងការងារសន្តិសុខនៅក្នុងមូលដ្ឋានធានាបាននូវការគ្រប់គ្រងទីតាំងផ្ទះជួលនិងបន្ទប់ជួលអោយបានល្អស្របទៅតាមគោលការណែនាំរបស់ក្រសួងមហាផ្ទៃនោះ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ លោកចេងមុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានជួបជាមួយម្ចាស់ផ្ទះជួលនិងម្ចាស់បន្ទប់ជួលទូទាំងខណ្ឌដើម្បីណែនាំអោយម្ចាស់ទីតាំងត្រូវមានការប្រុងប្រយ័ត្ន ទទួលខុសត្រូវខ្ពស់ពីបញ្ហាសន្តិសុខ ជាពិសេសគ្រប់គ្រងការងារអោយបានហ្មត់ចត់ទៅលើឯកសារសម្គាល់អត្តសញ្ញាណអ្នកមកជួលផ្ទះឬជួលបន្ទប់ស្នាក់នៅ ។
ជួបជាមួយម្ចាស់ផ្ទះជួលនិងបន្ទប់ជួលជាង៣០០នាក់ អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានធ្វើការណែនាំអោយម្ចាស់ទីតាំងធ្វើអាជីវកម្មទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ត្រួតពិនិត្យអោយបានជាក់លាក់ទៅលើឯកសារសម្គាល់អត្តសញ្ញាអ្នកមកជួលផ្ទះ ជួលឃ្លាំង ឬជួលបន្ទប់ស្នាក់នៅ ។ ឯកសារសម្គាល់អត្តសញ្ញាណនេះសំដៅទៅលើសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធមួយចំនួនទៀតដែលមានតម្លៃគតិយុទ្ធ ។
ការធ្វើបែបនេះគឺដើម្បីគ្រប់គ្រងសមាសភាពអ្នកដែលមកជួលផ្ទះឬជួលបន្ទប់ស្នាក់អោយមានប្រសិទ្ធភាព ការពារបាននូវសន្តិសុខក្នុងមូលដ្ឋានក៍ដូចជានៅក្នុងទីតាំងធ្វើអាជីវកម្មរបស់បងប្អូន ព្រោះឥឡូវនេះជនខិលខូចមានកលល្បិចច្រើនណាស់ ដូច្នេះសូមបងប្អូនដែលជាម្ចាស់ផ្ទះជួលឬម្ចាស់បន្ទប់ជួលត្រូវមានការប្រុងប្រយ័ត្នដោយខ្លួនឯង បើមានបញ្ហាអ្វីកើតឡើងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែជួយអន្តរាគមន៍ប៉ុណ្ណោះ និយាយរួមយើងត្រូវរួមគ្នា ” បង្កា ទប់ស្កាត់ និងបង្ក្រាប ” ។
លោកអភិបាលបានបន្តថា ការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីតាំងផ្ទះជួលឬបន្ទប់ជួល សុំឲ្យបងប្អូនម្ចាស់ផ្ទះជួលទាំងអស់ សហការល្អជាមួយអាជ្ញាធរមូលដ្ឋាន សង្កាត់ប៉ុស្តិ៍ ដើម្បីរាយការណ៍អំពីបញ្ហានានា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ និងត្រូវថតចម្លងអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកជួលទាំងអស់ និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីងាយស្រួលធ្វើការគ្រប់គ្រង។ មួយផ្នែកទៀតសុំឲ្យម្ចាស់អាជីវកម្មផ្ទះជួល ម្ចាស់បន្ទប់ជួលទាំងអស់ ស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មឲ្យបានត្រឹមត្រូវ នៅការិយាល័យច្រកចេញចូលតែមួយ និងហាមដាដាច់ខាតមិនឲ្យមានការយកលុយប្រចាំខែពីម្ចាស់ផ្ទះជួលឡើយ។
ប្រសិនបើមានបញ្ហាទាំងអស់នេះ សុំឲ្យធ្វើការរាយការណ៍បន្ទាន់ មករដ្ឋបាលខណ្ឌ ដើម្បីចាត់វិធានការ។ ហើយចំពោះបញ្ហា កង្វល់ និងតម្រូវការនានា សូមរាយការណ៍ មករដ្ឋបាលខណ្ឌដើម្បីដោះស្រាយជូន ហើយរដ្ឋបាលបង្កលក្ខណៈងាយស្រួលដល់បងប្អូនជាម្ចាស់ផ្ទះជួល មានជីវភាពល្អប្រសើរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខណ្ឌបានសំណូមពរ២ចំនុច ទី១-សុំអោយម្ចាស់ផ្ទះជួលឬម្ចាស់បន្ទប់ជួលត្រូវចូលសម្អាតបរិស្ថាន អនាម័យ នៅក្នុងទីតាំងផ្ទះរបស់ខ្លួនដើម្បីរួមចំណែកថែរក្សាសុខភាពអ្នកដែលមកជួលបន្ទប់ស្នាក់នៅក៍ចូលជាចូលរួមថែរក្សាសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រោះបញ្ហាអនាម័យ បរិស្ថាននេះ ជាកត្តាសំខាន់ណាស់ក្នុងជីវភាពរស់នៅប្រចាំ ។ ទី២-ស្មើសុំអោយម្ចាស់ផ្ទះជួលឬបន្ទប់ជួលមានការយោគយល់ដល់កម្មករ កម្មការិនី កម្មករសំណង់ និងអ្នកបំរើតាមភោជនីដ្ឋាន ដែលជួលផ្ទះឬជួលបន្ទប់ស្នាក់នៅ មេត្តាកុំតម្លើងថ្លៃជួល សូមបងប្អូនយោគយល់ដល់អាជ្ញាធរនិងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ។
សំណូមពរទី២នេះត្រូវបានម្ចាស់ផ្ទះជួលនិងម្ចាស់បន្ទប់ជួលទទួលយកដោយរីករាយ ហើយសន្យាថានិងចូលរួមអនុវត្តតាមសំណូមពររបស់លោកអភិបាលខណ្ឌ៕ សណ្តោស