ភ្នំពេញ: ក្រោយពេលសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបនិងចាប់ខ្លួនជនដៃដល់ដែលអារកសម្លាប់ខ្លួនពូសាច់ថ្លៃកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រួចមក ទើបឃាតកឈ្មោះ សំ សំណាង ហៅ លាប អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ បានសារភាពឲ្យដឹងថា រូបគេកន្លងមកធ្លាប់ជាប់គុក៣ដងមកហើយ ។
សំ សំណាង ហៅលាប បានបញ្ជាក់ថាលើកទី១ខ្លួនធ្លាប់ជាប់គុកបាន៨ខែ ក្នុងអំឡុងឆ្នាំ២០០៦ ពីបទហិង្សាដោយចេតនា ដោយបានយកញញួរវាយទៅលើជនរងគ្រោះម្នាក់របួសធ្ងន់ធ្ងរ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។លើកទី២ជាប់គុកបាន២ឆ្នាំ ក្នុងអំឡុងឆ្នាំ២០០៩ពីបទហិង្សាដោយចេតនា ដោយរូបគេបានធ្វើសកម្មភាពយកកំបិតប៉័ងតោ កាប់ទៅទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ធ្ងរនៅ ភូមិសម្រង៣ សង្កាត់ច្បារអំពៅ ខណ្ឌមានជ័យនិងលើកទី៣ ជាប់គុកបាន២ឆ្នាំ៦ខែ ក្នុងអំឡុងឆ្នាំ២០១៣ ដោយរូបគេបានធ្វើសកម្មភាពយកឥតការ៉ូវាយលើ ជនរងគ្រោះបណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ នៅសង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ ។លុះមកដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ជាលើកទី៤រូបគេបានប្រព្រឹត្តបទល្មើសជាថ្មីម្ដងទៀត គឺ អារក ចាក់ភ្នែក ខ្លួនប្រាណ សម្លាប់ពូថ្លៃខ្លួន ឈ្មោះសិទ្ធ ណាក់ អាយុ៣៤ឆ្នាំ មុខរបរកម្មករ រស់នៅនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហើយត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនដាក់គុកម្តងទៀត ។
ចំពោះមូលហេតុ ដែលនាំឲ្យខ្លួនឈានដល់លើកដៃសម្លាប់ពូសាច់ថ្លៃនេះគឺ ដំបូងឡើយផ្តើមចេញពីខ្លួនជាអ្នកញៀនថ្នាំហើយនៅថ្ងៃកើតហេតុបានផឹកស្រាជាមួយគ្នានឹងពូថ្លៃ តាំងពីព្រលឹមដល់ថ្ងៃត្រង់ រហូតស្រវឹងជោកជាំរៀងខ្លួន។ ក្រោយមករូបគេបានក្រោកទៅបង្គន់ ជ្រមុជក្បាលត្រាំទឹកក្នុងធុងព្រោះក្តៅពេក ឯពូថ្លៃរបស់គេបានចូលទៅបត់ជើងធំ ដាក់ក្នុងឆ្នាំងបាយ ធ្វើឲ្យម្តាយមីងខ្លួនត្រូវជាប្រពន្ធពូសាច់ថ្លៃចូលទៅចង្ក្រានបាយ ឃើញលាមកក្នុងឆ្នាំង ក៏ខឹងច្រឡោត រហូតដល់មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។
សំ សំណាង ហៅលាប បានសារភាពទៀតថា ពេលនោះ ខ្លួនចេញពីបង្គន់មកវិញ ក៏ស្រែកគំហកឲ្យពួកគាត់ទាំង២កុំឲ្យឈ្លោះគ្នា តែពូមិនស្តាប់ទើបបង្កឲ្យមានទំនាស់គ្នាឡើង ហើយដោយខ្លួនខឹងពូខ្លាំងពេកក៏បានស្ទុះចូលទៅក្នុងចង្ក្រានបាយ ទាញយកដាវ កែច្នៃមួយដើមប្រវែង កន្លះម៉ែត្រ ដែលសៀតក្បែរចង្ក្រានបាយ ទៅកាប់ពូជាច្រើនដាវ បណ្តាលឲ្យត្រូវដៃទាំងសងខាង និងក្បាល ព្រមទាំងកាប់ផ្តាច់បំពងក ជាច្រើនដាវថែមទៀត រហូតគាត់ស្លាប់បាត់បង់ជីវិតតែម្តង។ បន្ទាប់មកខ្លួនក៏យកចុងដាវ ចាក់ទៅលើភ្នែកពូថ្លៃទាំងសងខាង បណ្តាលឲ្យបែកនិងលៀនគ្រាប់ភ្នែកទាំងអស់(មិនមែនខ្វេះ)ហើយអូសពចូលក្រោមគ្រែ រួចលាង សម្អាតឈាមបំណងរត់ចេញមកក្រៅគេចខ្លួនតែត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះទៅដល់ឃាត់ខ្លួនតែម្តង ៕ ប្រាថ្នា