ខេត្តកណ្តាល៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់បានដើរធ្លាក់ចូលកន្លែងទឹកជ្រៅ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម គ្រាដែលក្មេងប្រុសរងគ្រោះរូបនេះចុះងូតទឹកលេងពេលដែលទៅតាមជីតាយកសត្វក្របីឲ្យស៊ីស្មៅ ។ ក្មេងប្រុសរងគ្រោះបានលង់ទឹកស្លាប់នៅត្រង់ចំណុចបឹងខាងមុខវត្តបារុង ស្ថិតក្នុងភូមិបារុង ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៦ និង៤៥នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ឡន ប៊ុនរ័ត្ន អាយុ៤ឆ្នាំ មានឪពុកឈ្មោះ ឡន សំបូ អាយុ២៧ឆ្នាំ មុខរបរ ជាកសិករ ម្តាយឈ្មោះស្រីតូចអាយុ២៥ឆ្នាំ មុខរបរ ជាកសិករ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានដើរតាមក្រោយជីតាដឹកសត្វក្របីយកទៅឲ្យស៊ីស្មៅនៅត្រង់ចំណុចកើតហេតុខាងលើ ។ ពេលទៅដល់ជីតារវល់បណ្តើរក្របីឲ្យស៊ីស្មៅមិនបានចាប់អារម្មណ៍មើលចៅប្រុសនោះទេ ខណៈនោះកុមាររ៉ារងគ្រោះបានទៅងូតទឹកលេងនៅក្បែរផែចតទូកនៅត្រង់ចំណុចទឹកបឹងខាងមុខវត្តបារុង ។ ពេលកំពុងលេងនោះក្មេងប្រុសរងគ្រោះបានដើរធ្លាក់ចូលក្នុងអន្លង់ដែលមានទឹកជ្រៅ ទើបបណ្តាលឲ្យលង់ស្លាប់ ខណៈដែលមិនមាននណាជួយសង្គ្រោះទាន់ពេលវេលា ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីបាត់ចៅប្រុសអស់រយៈពេលជាច្រើនម៉ោងមិនឃើញត្រឡប់មកផ្ទះវិញ ជីតានិងឪពុកម្តាយកុមាររ៉ារងគ្រោះបាននាំគ្នាឆោឡោតាមរក តែរកមិនឃើញក៏នាំគ្នាមុចទឹកបឹងរាវរក រហូតប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះនៅបាតបឹងដែលមានកម្ពស់ទឹកប្រមាណ១,៥ម៉ែត្រ ហើយបានស្រង់យកមកលើគោកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ