រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បានហើយបាននាំគ្នាវាយឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌទន្លេបាសាក់ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាព ឆក់កាបូប ពីជនជាតិបរទេសម្នាក់មិនបានសម្រេច ចំណែកម្នាក់រត់គេចខ្លួនបាត់សម្រោល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារអុីអន ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ លឹម លីហួរ ភេទប្រុស អាយុ១៦ ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហ្វីណូ ពណ៌ខៀវ ពាក់ស្លាកលេខ1BC.9427 តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេសម្នាក់កំពុងជិះម៉ូតូកង់បី ដែលកំពុងធ្វើដំណើរតាមដងផ្លូវតែឆក់មិនសម្រេចត្រូវ ជនរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក៏បាននាំគ្នាដេញតាមពីក្រោយរហូតធ្វើអោយជនសង្ស័យភ័យបានជិះម៉ូតូទៅបុកនិងរ៉ឺកម៉កលក់បបរបណ្ដោយអោយដួលទើបចាប់ខ្លួនបានម្នាក់ភ្លាមៗតែមង្តរួចក៏នាំគ្នា វាយអ្នកមួយដៃអ្នកមួយជើងឡើងទ្រមខ្លួនទើបប្រគល់ ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចំណែកម្នាក់រត់គេចខ្លួនបាត់សម្រោល។ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើរកឃើញថ្នាំញៀនមួយកញ្ចប់តូចផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងម៉ូតូខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕