២៧កញ្ញា​ តុលាការ​កំពូល​ប្រកាស​សាលដីកា​រឿង​ក្ដី​លោក​ ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ខាងមុខ​នេះ​ តុលាការ​កំពូល​ នឹង​ប្រកាស​សាលដីកា​រឿង​ក្ដី​លោក​ ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ បន្ទាប់​ពី​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ។​

តាម​កាលវិភាគ​ តុលាការ​កំពូល​ គ្រោង​បើក​សវនាការ​រឿង​ក្ដី​លោក​ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ ចំនួន​ពីរ​សំណុំរឿង​ តែ​សវនាការ​ធ្វើ​បាន​តែ​មួយ​សំណុំរឿង​ប៉ុណ្ណោះ​ ។

មន្ត្រី​តុលាការ​កំពូល​ ថ្លែង​ថា​ សំណុំ​រឿង​ទី​មួយ​គឺ​ បទល្មើស «រក្សា​ទុក​ប្រាក់​​ក្លែងក្លាយ» ​ប្រព្រឹត្ត​នៅ​ផ្ទះ​លេខ​៩​ ឃុំ​តាខ្មៅ​ ស្រុក​តាខ្មៅ​ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃទី​៣១​ ខែ​កក្កដា​ ឆ្នាំ​២០០៦​ និង​ សំណុំរឿង​ទី​ពីរ​គឺ​បទល្មើស​ «បង្ខាំង​មនុស្ស​ខុស​ច្បាប់​»​ ប្រព្រឹត្ត​នៅ​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​០៩​ ខែ​មេសា​ ឆ្នាំ​២០០៣​។

សវនាការនេះ​ដឹកនាំ​ដោយ​លោក​ សឹង​ បញ្ញា​វុឌ្ឈ​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​លោក​ ច័ន្ទ​ តារា​រស្មី​ ជា​តំណាង​មហា​អយ្យការ​។

អ្នក​នាំពាក្យ​តុលាការ​កំពូល​ លោក​ នៅ​ មុនី​ជោត​ ​ ថ្លែង​ ថា​ តុលាការ​កំពូល​ បាន​ដំណើរការ​ក្តី​តែ​ករណី​”រក្សា​ទុក​ប្រាក់​ក្លែងក្លាយ​”ប៉ុណ្ណោះ​ ។​ រីឯ​សំណុំរឿង​”បង្ខាំង​មនុស្ស​ខុស​ច្បាប់​”​ គឺ​ ពុំ​បាន​បើក​សវនាការ​ទេ​ ។​ លោក​អះអាងថា​ “ក្រោយ​បញ្ចប់​សវនាការ​ តុលាការ​កំពូល​ បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ខាងមុខ​នេះ​វិញ​ “​ ។

បច្ចុប្បន្ន​លោក​ ហេង ពៅ មានទោស​ជិត​ ១០០​ឆ្នាំ ពាក់ព័ន្ធ​រឿងក្ដី​ជាច្រើន​សុទ្ធតែ​រឿងក្តី​ធំៗ ជាពិសេស​ករណី​ប៉ុនប៉ង​បាញ់សម្លាប់​លោក ថុង អ៊ុយប៉ាង ចាងហ្វាង​កាសែត​កោះសន្តិភាព និង ប៉ុនប៉ង​បាញ់សម្លាប់​លោក អ៊ុក សាវុធ ព្រះរាជអាជ្ញា​តុលាការក្រុង​ភ្នំពេញ ដែល​បច្ចុប្បន្ន​ជា​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print