នៅព្រឹកថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2015 នេះ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យលោក Park Sang Cheol នាយកក្រុមហ៊ុន KUKDONG Engineering & Construction Co., Ltd នៃសាធារណរដ្ឋកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។ នៅក្នុងកិច្ចពិភាក្សា លោក Park បានជម្រាបជូនលោករដ្ឋមន្ត្រីថា ក្រុមហ៊ុន KUKDONG គឺជាក្រុមហ៊ុនសាងសង់ដ៏ធំមួយនៅសាធារណរដ្ឋកូរ៉េ។ សំណង់ធំៗ ជាច្រើន ដូចជាកំពង់ផែ ផ្លូវ ទំនប់ ប្រព័ន្ធធារាសាស្ត្រ ។ល។ ជាច្រើនកន្លែងនៅសាធាេណរដ្ឋកូរ៉េ ក៏ដូចជានៅបណ្តាប្រទេសផ្សេងៗទៀត ត្រូវបានសាងសង់ឡើងក្រុមហ៊ុនរបស់លោក។ លោក Park បានបន្តទៀតថា ក្រុមហ៊ុនរបស់លោកបានចូលមកដល់ កម្ពុជាក្នុងឆ្នាំ 2004 និងបានចូលរួមអភិវឌ្ឍន៏វិស័យផ្លូវថ្នល់របស់កម្ពុជា។ លោកបន្តថា ក្តុមហ៊ុនរបស់លោកបាន ចូលរួមស្តារឡើងវិញនូវផ្លូវជាតិលេខ 3 ផ្លូវក្រវាត់ក្រុងសៀមរាប ហើយពីម្សិលមិញនេះ លោកបានចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ 31 និង ផ្លូវលេខ 33 ដែលបានសាងសង់ដោយក្រុមហ៊ុនរបស់លោក ។ លោក Park បានជម្រាបជូនលោករដ្ឋមន្ត្រីបន្ថែមថា យោងលើកម្រិតជំនាញ ស្នាដៃ និងបទពិសោធន៏ ក្រុមហ៊ុនរបស់លោកមានបំណងចូលរួមអភិវឌ្ឍន៏វិស័យធារាសាស្ត្រនៅកម្ពុជា។ ជាការឆ្លើយតបលោករដ្ឋមន្ត្រីបាន បញ្ជាក់ជូនភ្ញៀវថា លោកទទួលស្គាល់ចំពោះបទពិសោធ និងស្នាដៃរបស់ក្រុមហ៊ុន ហើយលោកស្វាគមន៏ចំពោះ ក្រុមហ៊ុនដែលមានបំណងចូលរួមអភិវឌ្ឍន៏វិស័យធារាសាស្ត្រនៅកម្ពុជា។ លោករដ្ឋមន្ត្រីបានបន្តថា កន្លមកសាធារណរដ្ខកូរ៉េ បានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់ការអភិវឌ្ឍកម្ពុជា និយាយដោយឡែក ពាក់ព័ន្ធនឹងក្រសួងធនធានទឹក យើងមានគម្រោងស្តារឡើងវិញអាងទឹកតាមោក គម្រោងអភិវឌ្ឍន៏ធនធានទឹក្រាំងពន្លៃ គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រស្ទឹងមង្គលបូរី ជាដើម ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ យើងនឹងឈានទៅអនុវត្តគម្រោងមួយចំនួនទៀតដូជា គម្រោងទំនប់សាលាតាអន ទំនប់ដូនទ្រី ។ល។ លោករដ្ឋមន្ត្រីបន្តថា ការប្រឈមនឹងការប្រែប្រួលអាកាសធាតុ គឺជាកង្វល់របស់ពិភពលោកទាំងមូល ។ ចំពោះបញ្ហាប្រឈមនេះ ក្រសួងបានដាក់ចេញនូទស្សនវិស័យយូរមកហើយ ព្រមទាំងបានធ្វើសកម្មភាពជាបន្តបន្ទាប់ នោះគឺការសាងសង់នូវអាងទឹកធំៗ ដូចជាអាងទឹកលេខ 3 លេខ 5 ក្នុងខេត្តពោធិសាត់ អាងទឹកក្រាំងពន្លៃ អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ និងអាងទឹធំៗមួយចំនួនទៀត ទន្ទឹមនឹងនេះ បណ្តាស្ទឹងសំខាន់២ ក៏ត្រូវរៀបចំសាងសង់សំណង់ស្ទាក់ទឹកទុកសម្រាប់ការប្រើប្រាស់ផងដែរ ។ ការងារទាំងនេះ យើងធ្វើបានមួយចំនួនមកហើយ តែមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវការប្រភពទុនជាច្រើនទៀត ដើម្បីយកមកអនុវត្តបន្ត ។ លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ក្រោមការផ្តល់អាទិភាពខ្ពស់ពីសម្តេចប្រមុខរាជរដ្ឋាភិបាល ក្រសួងបានទទួលនូវកញ្ចប់ថវិកាច្រើនជាងមុន ដែលអាចអនុញ្ញាតឲ្យក្រសួងចាប់ផ្តើម ធ្វើទំនើបភាវូបនីយកម្មធារាសាស្ត្រ ជាបណ្តើរៗ ។ ប្រព័ន្ធធារាសាស្ត្រខ្នាតធំៗ បានសាងសង់ និងកំពុងសាងសង់ជាបន្តបន្ទាប់ ឯគុណភាពក៏កាន់តែខ្ពស់ជាងមុន ជាឧទាហរណ៏ជាក់ស្តែង ប្រឡាយមេ ពីមុនជាប្រឡាយដី ងាយរងនឹងការហូរច្រោះ ការសឹករិចរិល ឥឡូវយើងធ្វើប្រឡាយមេបេតុង ដែលធានាបាននូវការប្រើប្រាស់យូរអង្វែង ។