ភ្នំពេញ៖ បុរសម្នាក់ដែលប៉ងបាញ់សម្លាប់ម្តាយក្មេកនិងប្រពន្ធ ដាក់ពន្ធនាគារបណ្តោះអាសន្ន ព្រោះតែខឹងរឿងបំផ្លាញទ្រព្យសម្បត្តិនិងចោទប្រពន្ធមានសហាយ ត្រូវបានលោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។
អធិការរងនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ត្រី ហួរ ម៉េងវ៉ាង ថ្លែងថា បុរសឈ្មោះ អ៊ុត បូរី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវបានលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ”ប៉ុនប៉ងឃាតកម្មនិងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត”ប្រព្រឹត្តនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា២៧ មាត្រា១៩៩ និង មាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ខណ:ជនសង្ស័យបាន ដកកាំភ្លើងខ្លីម៉ាកប៉េអាកុល ដេញបាញ់សម្លាប់ម្ដាយក្មេក និងប្រពន្ធព្រោះរឿងប្រចណ្ឌនិងរឿងជំពាក់បំណុលគេ។ជនសង្ស័យធ្លាប់ប្រើហិង្សាទៅលើប្រពន្ធបណ្ដាលឱ្យមានរបួសស្នាម និងធ្លាប់ចូលប៉ុស្ដិ៍ប៉ូលិសធ្វើកិច្ចសន្យាពីរដងរួចមកហើយ។
នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យសារភាពថា រូបគេបានទិញកាំភ្លើងនេះ មានគ្រាប់៨គ្រាប់ពីប្រទេសថៃ តម្លៃ ៦០០ដុល្លារ ទុកសម្រាប់បាញ់សម្លាប់ម្ដាយក្មេក និងប្រពន្ធ ព្រោះខឹងបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន និងខឹងម្ដាយក្មេកបំបែកបំបាក់ប្រពន្ធកូនដើម និងខឹងប្រពន្ធលួចមានសហាយ៕ចេស្តា