ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋទូទាំង ខេត្តស្វាយរៀងមានការងារធ្វើបន្ថែមក្រៅពីមុខរបរកសិកម្ម ។ បើតាមតួលេខរបស់ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បង្ហាញឲ្យដឹងថា គិតមកដល់ ខែកញ្ញាឆ្នាំ ២០១៧នេះកូនចៅប្រជាពលរដ្ឋដែលមាន ការងារធ្វើប្រមាណជាង៦០.០០០នាក់ហើយ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀងកាលពីសង្គមចាស់ពុំមានការងារអ្វីធ្វេីក្រៅនពីប្រកបរបរធ្វើតែស្រែនិងឡើងត្នោតធ្វើស្ករ ត្នោតព្រមទាំងដាំដំណាំផ្សេងៗបន្តិចបន្តួចគ្រាន់បានដោះស្រាយជីវភាពគ្រួសារនោះទេ ។ បើចង់ ទៅរកការងារធ្វើទាល់ទៅភ្នំពេញឬចំណាកស្រុកទៅប្រទេសជិតខាងទើបមានការ ងារធ្វើបានហើយធ្វើស្រែឆ្នាំខ្លះបានផលហូបគ្រប់គ្រាន់ឆ្នាំខ្លះមិនបានផលហូបគ្រប់គ្រាន់ឡើយ។ក្រោយថ្ងៃរំដោះ៧មករា១៩៧៩រហូតដល់សព្វថ្ងៃនេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអភិវឌ្ឍជាជំហានធ្វើឲ្យប្រទេសកម្ពុជាយើងមានភាពរីកចម្រើនលើគ្រប់ វិស័យ តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលបានចំហជើងមេឃដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុកក្រៅស្រុកមកដាក់ទុនរកស៊ីបានច្រើននិងផ្ដល់ការងារជូនកូនចៅប្រជាពលរដ្ឋមានការងារធ្វើនៅទូទាំងប្រទេសរាប់លាននាក់ ។ ដោយ ឡែកនៅខេត្តស្វាយរៀងក៏មិនចាញ់ខេត្ត ដទៃដែរកូនចៅប្រជាពលរដ្ឋមានការងារធ្វើអាចជួយសម្រួលជីវភាពគ្រួសារមាន ជីវភាពធូរធារស្ទើរតែគ្រប់ក្រុមគ្រួសារ ។
ពាក់ព័ន្ធនឹងកំណើនការងារបែបនេះ លោក ហាក់ ប៊ុនធី ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ:បានឲ្យដឹងថា ទូទាំងខេត្តស្វាយរៀងមានផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និងដេរស្បែកជើងចំនួន ៣៣កន្លែងផ្នែកផលិតកម្មផ្សេងៗចំនួន៣៧កន្លែង ផ្នែកកាស៊ីណូនិងសណ្ឋាគារ២៥ កន្លែងផ្នែកសន្តិសុខឯកជន៥ក្រុមហ៊ុន ផ្នែកធនាគារនិងមីក្រូហិរញ្ញវត្ថុ៤៨កន្លែងផ្នែកសេវាកម្មផ្សេងៗដូចជាអចលនទ្រព្យសំណង់ឡឥដ្ឋនិងសេវាកម្មដឹកជញ្ជូនសរុបទាំង អស់១៥៧កន្លែងអាចផ្ដល់ការងារជូនកម្មករនិយោជិកបានចំនួន៦០.៤១៧នាក់ ស្រី ៣៨.៤០៩នាក់ ។ ក្នុងនោះមិនរាប់កម្មករនិយោជិកដែលជាជនបរទេសដែលមកធ្វើការនៅក្នុងរោងចក្រសហគ្រាសនិងសេវាកម្មផ្សេងៗក្នុងខេត្តស្វាយរៀងផង។នេះគិតត្រឹមខែកញ្ញា ឆ្នាំ២០១៧ ។ លោកប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ:បានបញ្ជាក់ថាកម្មករនិយោជិតបានកើនឡើងជារៀងរាល់ឆ្នាំ២០ភាគរយទៅមុខបន្ថែមទៀត ៕ យឹម សុថាន