ភ្នំពេញ៖ ទោះបីជាក្រុមជួញដូរគ្រឿងញៀន តែងតែប្រើរូបភាពបន្លំសមត្ថកិច្ចយ៉ាងណាក៏ដោយ នៅតែគេចមិនផុតពីកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ជិះល្បាតការពារសុវត្តិភាពក្នុងមូលដ្ឋាន ជាក់ស្តែងប្រទះឃើញជនសង្ស័យប្រុសស្រី២នាក់ កំពុងតែឈរប្រុងធ្វើសកម្មភាពចែកចាយគ្រឿងញៀនក៏ឃាត់ខ្លួនឆែកឆេរ ស្រាប់តែរកឃើញគ្រឿងញៀនជាច្រើនកញ្ចប់ដែលលាក់ទុកក្នុងខោទឹកនោមកូនក្មេង ចំនួន២៥កញ្ចប់តូច និង១កញ្ចប់ធំ ។
ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិ០៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ ឡេង វ៉ា ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ដកហូតបានសារធាតុញៀនបានចំនួន៦កញ្ចប់តូច។ និងស្រី្តពោះធំ ឈ្មោះ ឈន ស្រីម៉ៅ ភេទស្រី អាយុ២៧ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិ០៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដកហូតបានសារធាតុញៀនបានចំនួន១៩កញ្ចប់តូចនិង១កញ្ចប់ធំ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ គឺកម្លាំងជំនាញនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក សហការជាមួយនគរបាលទទួលផ្នែកគ្រឿងញៀនខណ្ឌដូនពេញ ជិះល្បាតនិងធ្វើការស្រាវជ្រាវ រហតូដល់ព្រឹកថ្ងៃទី២៧ នេះ ប្រទះឃើញជនសង្ស័យទាំង២នាក់ក៏ធ្វើការឃាត់ខ្លួនជាក់ស្ដែងតែម្តង ។
ក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើការដកហូតគ្រឿងញៀនពីបុរសម្នាក់ បានសារធាតុញៀនចំនួន៦កញ្ចប់តូច និងពីស្រ្តីពោះធំម្នាក់ បានលាក់សារធាតុញៀននៅក្នុងខោទឹកនោម របស់កូន ត្រូវបាននគរបាលឆែកឆេរកឃើញ សារធាតុញៀនចំនួន១៩កញ្ចប់តូចនិង១កញ្ចប់ធំ ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង២នាក់ត្រូវបានកម្លាំងនគរបាលនាំយកទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរេឿងចាត់ការតាមនីតិវិធី៕ស តារា