ភ្នំពេញ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើង បែកមាត់ទើបហើយ ប្រគល់ឲ្យសមត្ថកិច្ច ព្រោះតែយល់ច្រឡំថាជាចោរ ពេលដែលគេបានទៅលេងបន្ទប់ជួលមិត្ត ។
កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្ពានខ្ពស់ ក្រុមទី៦ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ បុរសខាងលើត្រូវបានស្គាល់ថាឈ្មោះ នេត ភេទប្រុស អាយុ៣១ឆ្នាំ ពុំមានមុខរបរច្បាស់លាស់ មានទីលំនៅភូមិកើតហេតុខាងលើ ។
បុរសខាងលើបានឲ្យដឹងថា ខ្លួនមានមិត្តភក្ដិម្នាក់ដែលស្នាក់នៅបន្ទប់ ជួលខាងលើដែលទើប នឹងមកពីស្រុកកំណើត ហើយបានហៅរូបគេមកលេង។ ប៉ុន្តែពេលដែលគេទៅដល់បន្ទប់ជួលដែលនៅជិតនោះម្ចាស់បន្ទប់មិនទាន់ត្រឡប់មកវិញទេ ហើយដើម្បីរង់ចាំមិត្តភក្ដិមកវិញនោះ គេក៏ដើរឡើងទៅដល់ខាងលើ ស្រាប់តែអ្នកភូមិដែលនៅម្ដុំនោះឃើញគេមនុស្សប្លែកមុខមិនដែលឃើញ ស្មានតែជាចោរគាស់បន្ទប់ជួល ក៏បានសួរនាំស្រាប់តែជនសង្ស័យឆ្លើយទាំងរដិបរដុប ធ្វើឲ្យប្រជាពលរដ្ឋមានការសង្ស័យបាននាំគ្នាចាប់វាយមួយដៃមួយជើងម្នាក់បណ្តាលឲ្យបែកមាត់ហូរឈាម ទើបប្រគល់ឲ្យកម្លាំងសមត្ថកិច្ចដែលបានល្បាតនៅម្ដុំនោះឲ្យយកទៅសាកសួរនៅប៉ុស្ដិ៍គីឡូម៉ែត្រលេខ6តែម្ដង ។
ចំណែកមិត្តភក្កិដែលស្នាក់នៅក្នុងបន្ទប់ជួល កើតហេតុខាងលើពេលដែលឃើញប្រជាពលរដ្ឋវាយមិត្តភក្កិតរបស់ខ្លួនមិនហ៊ានចេញមក ខាងក្រៅជួយទេខ្លាចប្រជាពលរដ្ឋច្រឡំទៀត ។
លុះមកដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ6ហើយសមត្ថកិច្ចជំនាញបានសាកសួរទៅទើបដឹងថាគេ ជាប្រជាពលរដ្ឋដែលនៅភូមិជិតនោះដែរ ថែមទាំងមានឪពុកម្តាយនិងមានផ្ទះសំបែងត្រឹមត្រូវទៀតផង។ ក្រោយពីបានណែនាំ និងធ្វើការអប់រំហើយកម្លាំងសមត្ថកិច្ចក៏បានឲ្យជនសង្ស័យម្នាក់នោះ ចុះកិច្ចសន្យានិងឲ្យម្ដាយឪពុកគាត់មកធានាយកត្រលប់ទៅផ្ទះវិញ ៕
ដោយ៖ វិបុល