ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតសុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសប្រមាណជាងប្រាំពីរម៉ឺននាក់ រស់នៅប្រទេសកម្ពុជាដោយគ្មានឯកសារត្រឹមត្រូវតាមច្បាប់ ក្នុងនោះជនជាតិ វៀតណាមចំនួន៩៩ភាគរយ ក្នុងចំណោម៥សញ្ជាតិ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេងឮខ១២៩ប្រ.កបចុះថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៧ស្តីពីការលុបចោលនិងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបដិសេធ និងដកហូតនៅឯកសារមិនត្រឹមត្រូវចំពោះជនបរទេសជាងប្រាំពីរម៉ឺន តែយ៉ាងណាក្តីខាងអាជ្ញាធរមិនអាចចាប់បង្ខំគេដោយអំពើណាមួយដើម្បីឲ្យពួកគេចេញពីប្រទេសកម្ពុជាដោយខុសពីគោលការមនុស្សធម៌នោះឡើយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយជនបរទេសទាំងប្រាំពីរម៉ឺននាក់ ដែលអាជ្ញាររកឃើញរស់នៅប្រទេសកម្ពុជាដោយគ្នានឯកសារត្រឹមត្រូវនោះមានប្រមាណជិតពីរម៉ឺននាក់ ហើយដែលត្រូវបានទៅប្រទេសរបស់ពួកគេវិញដោយស្ម័គ្រចិត្តស្របតាមច្បាប់អន្តោប្រវេសន៍កម្ពុជា។
ថ្លែងនៅក្នុងកម្មវិធីនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ កម្ពុជាត្រូវតែរឹតបន្តឹងចំពោះជនអន្តោប្រវេសន៍ ហើយដាច់ខាតមិនអនុញ្ញាតឲ្យបុគ្គលណាធ្វើនៅឯកសារមិនត្រឹមត្រូវជូនដល់ជនបរទេសទាំងនោះបន្តទៅទៀតនោះឡើយ ហើយប្រសិនបើរកឃើញមានបន្តទៀតនោះបុគ្គលឬមន្រ្តីនោះនឹងត្រូវមានទោសជាក់ជាមិនខាននោះឡើយ។
សម្តេចក្រឡាហោម បានបន្តទៀតថា ការដែលមានជនអន្តោប្រវេសន៍រស់នៅប្រទេសកម្ពុជា ដោយខុសច្បាប់ និងឯកសារមិនប្រក្រតីនេះ គឺកើតចេញពីមន្រ្តីជាអ្នកផ្តល់ជូន ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ នឹងមិនបណ្តែតបណ្តោយអោយមន្រ្តីទាំងនោះ បន្តសកម្មភាពតទៀតនោះទេដូច្នេះមន្រ្តីទាំងអស់ត្រូវតែអនុវត្តន៍ទៅតាមច្បាប់ហើយដាក់កំហិតដាច់ខាតចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ។ ក៏ប៉ុន្តែទោះជាយ៉ាងណាកម្ពុជាមិនអនុវត្តដោយបង្ខំដូចសម័យប៉ុលពត និងសម័យ លន់ ណុល នោះឡើយ។
សូមរំលឹកថា នាពេលបច្ចុប្បន្ននេះក្រសួងមហាផ្ទៃបានធ្វើសកម្មភាពដូចភ្លៀងរលឹម ដើម្បីចុះចាប់ និងឆែកឆេរនៅជនអន្តោប្រវេសន៍ខុសច្បាប់រស់នៅកម្ពុជា ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះក្រសួងមហាផ្ទៃ បានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះរាប់ម៉ឺននាក់ដែលក្នុងនោះមានជនជាតិវៀតណាម ច្រើនជាងគេ៕ តាឡឹម