ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាយាមល្បាតរក្សាសន្តិសុខតាមគោលដៅនីមួយៗ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ បានឃាត់ខ្លួនយុវជន៥នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដកហូតបានថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
លោក ស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វា បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនទី១-ម៉ា ជា អាយុ៣២ឆ្នាំ ទី២-ឈ្មោះ ម៉ន សុធា អាយុ២៦ឆ្នាំ ជនស្ស័យទាំង២នាក់ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ទី៣-ឈ្មោះ ឈឹម ឆេន អាយុ១៩ឆ្នាំ ទី៤-ឈ្មោះ ឈឹម ឆយ ភេទប្រុស អាយុ២២ឆ្នាំ ទី៥-ឈ្មោះ ជឿន ចាន់ណេង អាយុ១៧ឆ្នាំ មុខរបរលក់ទឹកកក និង២នាក់ទៀត មានមុខរបរនៅផ្ទះ ស្នាក់នៅ ភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមមន្រ្តីនគរបាល ពេលចុះល្បាតនោះ ស្រាប់តែប្រទះឃើញ និងគួរឲ្យសង្ស័យលើពួកគេទាំង៤នាក់ ដែលជិះម៉ូតូ២គ្រឿង៖ទី១-ម៉ាកហុងដាសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CF-5284 ទី២-ម៉ាកហុងដា សង់ឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅដូចគ្នា ពាក់ស្លាកលេខកំពង់ធំ 1G-0305 ហើយក៍ឈានដល់ធ្វើការឃាត់ត្រួតពិនិត្យ ស្រាប់តែបានរកឃើញថ្នាំញៀន២កញ្ចប់តូច ដែលជនសង្ស័យទើបតែមកពីទិញ ដើម្បីយកទៅប្រើប្រាស់។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបញ្ជូនមកសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕ជ្រោយពេជ្រ