ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានករណីអគ្គីភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង ទាំងកណ្ដាលអាធ្រាត ខណៈដែលពួកគាត់កំពុងតែដេកលងលក់ បានភ្ញាក់ឡើងនាំគ្នារត់ចែកជើងគ្នា ខ្លះយកទុយោទឹក ខ្លះយកបំពងពន្លត់អគ្គីភ័យបាញ់ទប់ស្កាត់ ប៉ុន្តែដោយសារតែភ្លើងឆេះខ្លាំងពេក អាជ្ញាធរបានប្រើរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទើបរលត់ទៅវិញ ។
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជការឯកភាពខណ្ឌដូនពេញ ចុះអន្តរាគមន៍ភ្លាមៗនោះ បានឲ្យដឹងថា ករណីអគ្គីភ័យខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅវេលាម៉ោង ០៣និង៣០នាទីកណ្ដាលអាធ្រាត ស្ថិតនៅផ្ទះលេខ២១CD ផ្លូវលេខ ១៨៤ ក្រុម៣៨ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី បណ្តាលអោយខូចខាត់សំភារះក្នុងផ្ទះរួមមាន : កុំព្យូទ័រចំនួន ០១គ្រឿង, ទូទឹកកកចំនួន ០១គ្រឿង, ក្រណាត់ចំនួន២០ដុំ អគ្គីភ័យនេះបានរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន ០១ខ្នង ខូចខាតសម្ភារៈដូចជា ម៉ាសុីនត្រជាក់ចំនួន ០១គ្រឿង, ទូដាក់ខោអាវចំនួន ០១ទូ, ទូសម្អាងចំនួន ០១ទូ, និងសម្ភារៈក្នុងបន្ទប់គេងអស់ទាំងស្រុង ។
អគ្គីភ័យខាងលេី ត្រូវបានអន្តរាគមន៍ពន្លត់ដោយរថយន្តការិ.អគ្គិភ័យចំនួន ០៨គ្រឿង ប្រេីប្រាស់ទឹក អស់១០ឡាន ស្មេីនឹង ៤០ម៉ែត្រគូប និងបានពន្លត់ចប់ទាំងស្រុងនៅម៉ោង ០៤:៣០ នាទីទៀបភ្លឺ។
ក្នុងករណីអគ្គីភ័យនេះដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន ខ្ពស់នៅពេលចេញដំណេីរទៅលេងកំសាន្តទៅទីជិតឆ្ងាយ ត្រូវបិទភ្លេីងអគ្គិសនី ភ្លេឺងចង្ក្រាន្ត ជាពិសេសភ្លេីងទៀន និង ភ្លេីងធូប ព្រោះវាអាចបង្ករអោយមានអគ្គីភ័យ ដូចថ្ងៃនេះផងដែរ ៕ស តារា
















