លោក ឃួង ស្រេង ៖ អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសាធារណការ រួមគ្នាកំណត់បែងចែកការងារជួសជុលឡើងវិញ លើកំណាត់ផ្លូវសហពន្ធ័រុស្សុី និងផ្លូវជាតិលេខ៤ ខណៈផ្លូវ២ខ្សែនេះរងការខួចខាត់ធ្ងន់ធ្ងរ 

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន  ដើម្បីបែងចែកការងារត្រៀមជួសជុល ជាបន្ទាន់ លើកំណាត់ផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤(ចាប់ពីចំណុចផ្លូវប្រសព្វទំនប់កប់ស្រូវ ដល់ផ្សារបែកចាន ) ឲ្យល្អប្រសើរឡើងឡើងវិញ ខណៈផ្លូវទាំង ២ខ្សែនេះ កំពុងរងការខូចខាត យ៉ាងដំណំ ដោយជំនន់ទឹកភ្លៀងតបទៅ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកំណាត់ផ្លូវនេះមានការមានការកកស្ទះចរាចរ ជារៀងរាល់ថ្ងៃផងដែរនោះ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្កី  ក្រោយ កិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី ២៤ តុលា ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ។
លោកម៉េត មាសភក្តី   អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖  ការបើកអោយមានកិច្ចប្រជុំខាងលើនេះ គឺក្នុងគោលបំណងដើម្បីបែងចែកគ្នាអោយដាច់រវាងកំណាត់ផ្លូវនេះ ថាតើចំណុចណាដល់ចំណុចណាដែលក្រសួងទទួលខុសត្រូវ ក្នុងការជួសជុល ហើយចំណុចណាដែលខាងអាជ្ញាធររាជធានីភ្នំពេញជាទទួលខុសត្រូវ ក្នុងការជួសជុល ដោយសារកន្លងមកនេះ ការបែងចែកគ្នាមិនច្បាស់ធ្វើអោយការជួលជុលមានការយឺតយ៉ាវនិងអូសបន្លាយពេលវេលា ធ្វើអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
លោកម៉េត មាសភក្តី   បានបន្តថា៖  ក្រោយកិច្ចប្រជុំនេះ គឺបានសម្រេចគ្នាថា ក្នុងចំណាយផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤ដែលគ្រោងនឹងធ្វើការជួសជុលឡើងវិញនេះមានប្រវែងប្រមាណ២០គីឡូម៉ែត្រ ដោយរាជធានីភ្នំពេញទទួលការជួសជុលពីស្តុបបេកាសេ (ស្តុបអគារការណាឌីយ៉ា) រហូតដល់ស្តុបកប់ស្រូវដែលមានប្រវែងជាង១៩គីឡូម៉ែត្រ ចំណែកក្រសួងសាធារណការនិងដឹកជញ្ជូនជាអ្នកទទួលខុសត្រូវជួសជុលផ្លូវជាតិលេខ៤ ចាប់ផ្តើមពីស្តុបកប់ស្រូវដល់ព្រំប្រទល់ខេត្តកណ្តាលដែលមាន៧៧០ម៉ែត្រ។
លោកបន្តថា ការសម្រេចអោយមានការជួសជុលផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤ ឡើងវិញនេះធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី រោងចក្រកាលពីថ្ងៃ១៨តុលាកន្លងមកនេះ។ ចំពោះចំណុចផ្លូវដែលត្រូវជួសជុសនោះ រួមមាននៅមុខតុលាការខ្មែរក្រហមផ្លូវជាតិលេខ៤ ចំណុចរង្វង់មូលចោមចៅ ការដ្ឋានសាងសង់ស្ពានអាកាសដីហុយ ការដ្ឋានក្រុមហ៊ុនប៊ូ យ៉ុង សង្កាត់ទឹកថ្លានិងនៅមុខក្រសួងការងារ។
លោកម៉េត មាសភក្តី   បានបញ្ជាក់ថា៖  តាមពិតទៅគម្រោងជួសជុលផ្លូវខាងលើនេះត្រូវពឹង លើថវិកាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៨ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញនឹងខិតខិតរកថវិកា ដើម្បីជួសជុលកំណាត់ផ្លូវនេះឲ្យបាន ដើម្បីជួយសម្រួលចរាចរ របស់បងប្អូនប្រជាពលរដ្ឋ តបតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដែលសម្ដេចបញ្ជាឲ្យ អាជ្ញាធររាជធានី និងក្រសួងសាធារណៈការ រួមគ្នាជួយជួសជុលលើកំណាត់ផ្លូវនេះឲ្យបានលឿន ៕   ដោយ៖  សំរិត 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print