ខេត្តកណ្ដាល ៖ ឈើក្រញូងប្រមាណជា២ម៉ែត្រគូបត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលផ្នែកយុត្ដិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅនិងនគរបាលប៉ុស្ដិ៍រដ្ឋបាលតាក្ដុល ធ្វើការចុះបង្រ្កាបទីតាំងជួញដូរឈើក្រញូងដោយខុសច្បាប់មួយកន្លែង ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ហួត ស៊ីថារ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងមានការសម្របសម្រួលពីលោក ទិន សុចិត្ត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលផងដែរ។
មន្រ្ដីការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ប្រតិបត្ដិការបង្រ្កាបទីតាំងជួញដូរឈើក្រញូងដោយខុសច្បាប់ខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងធ្វើការដកហូតវត្ថុតាងដូចជា៖ ឈើក្រញូងមួយចំនួន ,រថយន្តចំនួន២គ្រឿង ,ម៉ូតូចំនួន២គ្រឿង ,ស្លាកលេខរថយន្តចំនួន២និងម៉ាស៊ីនផ្ទុកទិន្ន័យកាមេរ៉ាសុវត្ថិភាព១គ្រឿងផងដែរ ។
ប្រភពដដែលបន្ដថា ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេតផ្ទះរបស់ជនសង្ស័យឈ្មោះ ហួត ស៊ីថារ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅឃើញថា មានករណីជួញដូរឈើក្រញូងដោយខុសច្បាប់ ភ្លាមនោះលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលបានបញ្ជាដោយផ្ទាល់ និងមានការសម្របសម្រួលពីលោក ទិន សុចិត្ត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដល់មន្រ្ដីក្រោមឱវាទ ចុះធ្វើការបង្រ្កាបឆែកឆេររហូតរកឃើញវត្ថុតាងខាងលើ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមទាំងវត្ថុតាងខាងលើយកមកស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។បើតាមការបញ្ជាក់ពីលោកលី សុជាតិ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានអោយដឹងថាក្នុងការចុះបង្ក្រាបករណី
ជួញដូរឈើក្រញូងខាងលើរួចមកកម្លាំងនរបាលជំនាញបានកសាងសំនុំរឿងវត្ថុតាងរួមនិងឈើគ្រញូងចំនួន2378ដុំ ស្មើ1,829ម៉ែត្រគូបដើម្បីប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ស្អាងជ័យ