ខេត្តពោធិ៍សាត់ ៖ គេដាក់ការសង្ស័យថា ករណីចាប់រថយន្តដឹកឈើ១គ្រឿង ប្រភេទយីឌុបភ្លៅ៥ ពាក់ស្លាកលេខតាកែវ ៣A1119 ពណ៌ខៀវ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ៥៥ ត្រង់ចំណុចវត្តលួង ភូមិវត្តលួង សង្កាត់ឡូវស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយវត្ថុតាងនេះត្រូវបានបញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តពោធិ៍សាត់ ។ ប៉ុន្តែអ្វីដែលចម្លែកនោះ រហូតមកដល់ល្ងាចថ្ងៃទី២៦ ខែតុលា នៅមិនទាន់ឃើញមានការត្រួតពិនិត្យ ឬវាស់វែងចំនួនឈើអ្វីនោះឡើយ ។ ដូច្នេះគេសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធ និងឈ្មួញឈើកំពុងតែចរចាគ្នារឿងលុយកាក់ ។ បើត្រូវថ្លៃគ្នាពេលណានោះ នឹងត្រូវសមត្ថកិច្ចដោះលែងទៅវិញជាមិនខាន ។
តាមប្រភពព័ត៌មានចុងក្រោយបានរាយការណ៍ឲ្យដឹងថា រថយន្តដឹកឈើមួយគ្រឿងនេះ កំពុងមានមេការត់ការដោះលែង ទើបមិនមានការចាត់ចែងវាស់វែង ឬរាប់ចំនួនឈើ និងជាឈើប្រភេទអ្វី ៕ ប៉ឹមពិន