SCG បរិច្ចាគទឹកប្រាក់ ៧ ម៉ឺន​ដុល្លារ​ដើម្បីគាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​កីឡា​បាល់ទាត់​នៅ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី ២៥ ខែ​តុលា ឆ្នាំ ២០១៧ ក្រុមហ៊ុន អេសស៊ីជី (SCG) ជា​សាជីវកម្ម​ឈាន​មុខ​គេ​មួយ​​នៅក្នុង​តំបន់​​អាស៊ាន​បាន​បរិច្ចាគទឹកប្រាក់​​ដល់​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា (FFC) នៅក្នុងពិធី​ដែល​បានរៀប​ចំ នៅរាជធានីភ្នំពេញ​ ដែល​ការបរិច្ចាគ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធីមនុស្សធម៌ SCG Muangthong United ASEAN Tour ឆ្នាំ​២០១៧ ហើយ​នេះក៏ជាការ​ប្ដេជ្ញាចិត្ត​មួយ​ផ្នែក​​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

នៅក្នុង​ពិធីនោះ មានការ​អញ្ជើញចូលរួមជាអធិបតី​ពីសំណាក់​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធាន​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា និង​លោក ប្រារ៉ាម៉េត ភីមផាប៊ូត (Praramate Pimpaboote) ប្រធាន​រោង​ចក្រ​​កំពត​ស៊ីមេន ខូ អិលធីឌី ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ អេស​ស៊ីជី។ ការ​បរិច្ចាគនោះគឺមានទំហំទឹកប្រាក់​ប្រមាណ ២៨០,០០០,០០០ រៀល​ (៧០,០០០ ដុល្លារសហរដ្ឋអាមេរិក) ដែល​បាន​មកពីការ​លក់​សំបុត្រ និង​អាវ​យឺត​អំឡុងពេល​ការ​ប្រកួត​បាល់ទាត់​មិត្ត​ភាព​រវាង​ក្រុម​បាល់ទាត់ SCG Muangthong United និង​ក្រុម​ចម្រុះ​កម្ពុជា K-Cement Cambodian All Stars កាលពី​ខែ​កក្កដា កន្លង​ទៅនេះ។

នៅក្នុងពិធីប្រគល់នោះនាយឧត្តមសេនីយ៍ សៅ សុខា បាន​កោត​សរ​សើរ​ដល់​ក្រុមហ៊ុន SCG សម្រាប់ការ​គាំទ្រ​ជា​បន្ត​បន្ទាប់​ដល់​វិស័យកីឡាបាល់ទាត់​នៅ​កម្ពុជា ហើយ​បាន​មាន​ប្រសាសន៍ថា ទឹកប្រាក់នេះ​នឹង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​កីឡាបាល់​ទាត់​​កម្ពុជា​ផងដែរ។ ឯកឧត្តម​បាន​មាន​ប្រសាសន៍ថា ថវិកា​នេះ​នឹង​ត្រូវ​បាន​យកទៅប្រើ​ប្រាស់​នៅ​ក្នុង​គម្រោង​ “សាលាបាល់ទាត់​ថ្នាល” ទូទាំង​ប្រទេសកម្ពុជា ដែលគ្រោង​ចំណាយទឹកប្រាក់ខ្ទង់លាន​ដុល្លារ​។ តាមរយៈការ​សហការ​ជាមួយនឹង​ក្រសួងអប់រំ យុវជន​ និង​កីឡា និង​តាមរយៈប្រាក់ជំនួយឧបត្ថម្ភ​នានា គម្រោងនេះ​មាន​បំណង​បង្កើតទីលាន​បាល់ទាត់ នៅតាម​សាលារៀន ក៏ដូចជា​ផ្ដល់ប្រាក់បៀវត្សរ៍ដល់គ្រូបង្វឹក និង​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ទូទាំងប្រទេស ហើយគម្រោង​នេះ​បាន​ចាប់ផ្ដើម​នៅ ដើម​ឆ្នាំ ២០១៧ នឹង​គ្រោង​ដំណើរការ​រយៈពេលពីរឆ្នាំ។​

លោក សៅ សុខា បាន​មានប្រសាសន៍ថា៖ “ខ្ញុំ​ក្នុង​នាម​ សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា ក្នុងនាម​កីឡាករ ក្នុង​នាមអ្នកគាំទ្រ​កីឡគា​បាល់ទាត់ និយាយ​ដោយខ្លី​ក្នុង​នាម​មហា​គ្រួសារ​បាល់ទាត់​ ខ្ញុំ​ពិតជាមានការ​សប្បាយរីករាយ ជាមួយ​នឹង​ការ​ចូលរួម​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ SCG ……ការ​ឧបត្ថម្ភនេះគឺ​សម្រាប់​សាលា​កីឡា​បាល់ទាត់​ដែលយើង​​សហការជាមួយនឹង​ក្រសួងអប់រំយុវជន​និង​កីឡា​​អភិវឌ្ឍនៅទាំង​ ២៥ រាជធានី-ខេត្ត”។

លោក ប្រារ៉ាម៉េត ភីមផាប៊ូត បាន​អបអរ​សាទរ​ដល់​សហព័ន្ធកីឡា​បាល់ទាត់កម្ពុជា​ដែល​បាន​សម្រេច​នូវ​សមិទ្ធផល​នានា​ក្នុង​ការ​អភិវឌ្ឍ​វិស័យកីឡាបាល់ទាត់​កម្ពុជា​ឲ្យ​រីក​ចម្រើន​ទៅមុខ ជាពិសេស​តាមរយៈជោគជ័យ​នាពេល​កន្លង​មក​​នៅលើ​ឆាក​អន្តរជាតិ។ លោក​សង្ឃឹមថា ទឹកប្រាក់​បរិច្ចាគនេះ​នឹង​ជួយ​អភិវឌ្ឍ​វិស័យកីឡាបាល់ទាត់​កម្ពុជា​ឲ្យ​រីក​ចម្រើន​មួយ​កម្រិត​ទៀត។

លោក ប្រារ៉ាម៉េត​ ភីមផា​ប៊ូត បាន​មាន​ប្រសាសន៍ថា៖ “ដោយ​មើលឃើញថា កីឡា​បាល់ទាត់​គឺជា​គន្លឹះ​សម្រាប់​ការ​គាំទ្រ​ដល់ការអភិវឌ្ឍន៍យុវជននៅកម្ពុជា ដូច្នេះហើយទើប​ក្រុមហ៊ុន អេស​ស៊ីជី មាន​មោទនភាព​ក្នុងការ​សហការជាមួយនឹង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ និងភាគីពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បីជួយអភិវឌ្ឍ​ដល់​កីឡា​នេះ​​ ។ ហើយ​ការ​បរិច្ចាគនាថ្ងៃនេះគឺជា​សក្ខីកម្ម​មួយ​ទៀត​ដែលបង្ហាញអំពីការ​ប្ដេជ្ញាចិត្ត​របស់យើង​ក្នុងការ​ជួយ​អភិវឌ្ឍន៍កីឡាបាល់ទាត់។ ខណៈដែល​កីឡា​នេះ​ចេះ​តែ​មាន​ការ​​ពេញ​និយម​កាន់តែ​ខ្លាំង​ ហើយ​យុវជន​កាន់តែ​ច្រើនឡើង​កំពុង​តែ​ងាក​មក​លេង​ផង ដូច្នេះយើង​សង្ឃឹមថា នឹង​មើលឃើញ​កីឡា​ករ​កម្ពុជា​ខ្លាំងៗ​ទៅថ្ងៃអនាគត”។

ជាផ្នែកមួយ​នៃគម្រោង​គាំទ្រ​ដល់​វិស័យបាល់ទាត់​នៅកម្ពុជា​ផងដែរនោះ ក្រុមហ៊ុនអេស​ស៊ីជី បាន​រៀប​ចំ​នូវ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ជាហូរហែរ​​រវាង​ក្លឹប​បាល់ទាត់​ SCG Muangthong United និង​ក្រុមកីឡាករ​បាល់ទាត់​ចម្រុះ​កម្ពុជា K-Cement Cambodian All Stars។

ទន្ទឹម​នឹងនេះ ក្រុមហ៊ុនអេស​ស៊ីជី ក៏កំពុង​សហការ​ជាមួយ​នឹង​ក្លឹប​បាល់ទាត់​អាជីព​មួយ​នៅ​កម្ពុជា​ ក្នុង​ការ​រៀប​ចំ​វគ្គ​ហ្វឹក​ហាត់​បាល់ទាត់​​សម្រាប់​យុវជន​កម្ពុជា​នៅតាម​បណ្ដារ​ខេត្ត​មួយចំនួន ក៏ដូចជា​រាជធានីភ្នំពេញ តាមរយៈ​គម្រោង “Kick and Share by SCG” ។ ក្នុង​គម្រោង​នេះ កុមារ និង​យុវជន​​មានឱកាស​បាន​រៀន​នូវ​ជំនាញត្រឹម​ត្រូវ​ក្នុងការ​លេង​បាល់ទាត់​ ជាមួយ​នឹង​គ្រូ​បង្វឹក​ចំណានៗ និង​កីឡាករ​បាល់ទាត់​អាជីព​ ដើម្បីអភិវឌ្ឍ​ជំនាញបាល់ទាត់​របស់ខ្លួន​៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print