ភ្នំពេញ ៖ បញ្ហាសុខភាពជាកត្តាសំខាន់ណាស់នៅក្នុងពិភពលោកនេះ គ្មានបុគ្គលណាមួយជៀសផុតពីសេចក្តីស្លាប់បានឡើយ គ្រាន់មុននិង ក្រោយ ប៉ុណ្ណោះ ដើម្បីរួមចំណែកទ្រទ្រង់សុខភាពប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ដឹកនាំដោយ លោកវេជ្ជបណ្ឌឹត ស៊ឺម ស៊ូយ៉េង អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ នាព្រឹកថ្ងៃទី២៩ ខែតុលានេះ បានដឹកនាំក្រុមគ្រូពេទ្យ និង យុវជនស្ម័គ្រចិត្ត ប្រមាណ១០០នាក់ ចុះពិនិត្យ និង ព្យាបាលជម្ងឺទូទៅ ដោយឥតគឹតថ្លៃ ជូនបងប្អូន កម្មករ កម្មាការិនី និង ប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ក្បាលកោះ។
លោកវេជ្ជបណ្ឌឹត ស៊ឺម ស៊ូយ៉េង មានប្រសាសន៍ថា៖ នេះជាសកម្មភាពលើកទី៣ ដែល សមាគមបានចុះ មកធ្វើការជូនកម្មករ កម្មាការិនីនៅក្នុងខណ្ឌច្បារអំពៅ គឹតចាប់តាំងពីការបង្កើតក្រុមការងារ ចាប់ពីឆ្នាំ២០១៥មក ដែលមានបំណង ដើម្បីឆ្លើយតបនឹងសំណូមពរ របស់បងប្អូនកម្មករ កម្មាការិនី ក្នុងការចូលរួមកាត់បន្ថយការចំណាយមួយផ្នែកអំពីបញ្ហាសុខភាព ក៍ដូចជាការលើកកំពស់សុខមាលភាព និង បង្កើនកំរិតជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនកម្មករ កម្មាការនី បានមួយកំរិតថែមទៀត។
លោកវេជ្ជបណ្ឌឹត ក៍បានអោយដឹងផងដែរថា៖ ការព្យាបាលក្នុងថ្ងៃនេះ រួមមាន ការព្យាបាលជម្ងឺទូទៅ, ជម្ងឺត្រចៀក ច្រមុះ បំពង់ករ , ជម្ងឺសើរស្បែក, ជម្ងឺភ្នែក, ជម្ងឺរោគស្រ្តី, អេកូស្រ្តីមានផ្ទៃពោះ, ជម្ងឺធ្មេញ, វះកាត់ខ្នាតតូច, ផ្នែកវិភាគឈាម, និង ព្យាបាលជម្ងឺទាក់ទងបញ្ហាបេះដូងផងដែរ។
លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងនាមរដ្ឋបាលខណ្ឌ បានថ្លែងអំណរគុណ ដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ដែលតែងតែបានដឹកនាំក្រុមការងារ ចុះមកពិនិត្យ និង ព្យាបាលជម្ងឺទូទៅ ដោយឥតគឹតថ្លៃ ជូនបងប្អូន កម្មករ កម្មាការិនី និង ប្រជាពលរដ្ឋក្រីក្រ ក្នុងខណ្ឌច្បារអំពៅ ដែលនេះ បានបង្ហាញអោយឃើញ ពីការយកចិត្តទុកដាក់គឹតគូរ ដល់សុខភាពជូនប្រជាពលរដ្ឋក្រីក្រ ជាពិសេសបងប្អូនកម្មករ កម្មាការិនី ដែលកំពុងបំរើការងារតាមបណ្តារោងចក្រ សហគ្រាសនានា។ លោក អភិបាលខណ្ឌ បានបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០១៧នេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានទទួលការចុះមកពីនិត្យ និង ព្យាបាលជម្ងឺដោយឥតគឹតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនានា បានចំនួន៤លើករួចមកហើយ ក្នុងនោះ មានសម្ព័ន្ធគ្រូពេទ្យរបស់សហភាព សហព័ន្ធយុវជនកម្ពុជា , ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្ព័ន្ធយុវជនទីក្រុងហូជីមីញ , និង ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ដោយបានពិនិត្យ និង ព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋក្រីក្រ និង បងប្អូនកម្មករ កម្មការិនី ប្រមាណ ៤៨៧៩នាក់៕សណ្តោស