សមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនសិស្សសាលាពីរក្រុម ជិះម៉ូតូដេញវាយគ្នាតាមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងទំនើងជាសិស្សា២ក្រុម ជិះម៉ូតូ៧គ្រឿង ដេញវាយគ្នាដូចក្នុងរឿងកុន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រហូតសមត្ថកិច្ចមានវិធានការដេញតាមចាប់ខ្លួនបាន៣នាក់ ចាប់យកម៉ូតូ១គ្រឿង និងបក្ខពួកផ្សេងទៀតនាំគ្នារត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៤៨៨ ក្រោយវិទ្យាល័យផ្សារដើមថ្កួវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងដែលឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ណន ផានិត ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ , ទី២ឈ្មោះ គីម ដារ៉ាវុធ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងជនសង្ស័យទី៣ឈ្មោះ ម៉ា វុទ្ធាផានិត ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះលេខ១៣៥ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើងដែលជាសិស្សសាលាមានគ្នា៧ម៉ូតូ បានជិះដេញវាយគ្នាយ៉ាងប្រសាច ដោយខ្លះមានកាន់ខ្សែក្រវ៉ាត់ ខ្លះទៀតកាន់ដាវជាប់ក្នុងដៃ មើលទៅដូចជាគ្មានសណ្តាប់ធ្នាប់និង​អណាធិបតេយ្យយ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន កំពុងល្បាតបានឃើញក៏ធ្វើការដេញតាមចាប់​ខ្លួនបានចំនួន៣នាក់ ដកហូតបានម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1DC-6890 បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរបន្តនិងចាត់ការតាមផ្លូវច្បាប់តែម្តង ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print