ខេត្តសៀមរាប ៖ អំពើប្លន់ប្រដាប់អាវុធមួយបានកើតឡើង នៅ ម៉ោង៨ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឋិតនៅភូមិកូនសាត់ ឃុំត្រពាំងធំ ស្រុកប្រាសាទ ខេត្តសៀមរាប។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាព ប្លន់ម៉ូតូមួយគ្រឿងបានភ្លាម ព្យាយាមជិះគេចខ្លួន តែត្រូវបង្ក្រាបចាប់បានដោយកម្លាំងសមត្ថកិច្ចនគរបាលស្រុកប្រាសាទ បាគងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
ជនសង្ស័យឈ្មោះ ណុប វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានធ្វើសកម្មភាពប្លន់ជនរងគ្រោះយកម៉ូតូមួយគ្រឿងម៉ាកC125 សេរី២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ ជាកម្មសិទ្ធិឈ្មោះ ចាប ចិន ភេទប្រុសអាយុ៦២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការឡោមព័ទ្ធ បង្ក្រាបនោះ ជនសង្ស័យបានបាញ់មកលើសមត្ថកិច្ច៤គ្រាប់
តែសមត្ថកិច្ចបានបាញ់តបតវិញត្រូវមួយគ្រាប់ចំដៃខាងស្តាំ រួចក៏ចាប់ខ្លួនបានតែម្តង។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីម៉ាកK៥៩ មួយដើម ។ ដោយឡែកម៉ូតូក៏ប្រគល់ឱ្យជនរងគ្រោះមកវិញ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនមកកាន់ការអធិការ ដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីសាកសួរ និងកសាងសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញចាត់ការ បន្ត៕ ជាយក្រុង