ខេត្តស្វាយរៀង ៖ បុរសសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាវាយដោយដំបង ទៅលើបងប្រុសបង្កើត បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានស្លាប់នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពាក់កណ្ដាលផ្លូវ ខណៈទៅប្ដឹងអាជ្ញាធរមូលដ្ឋាន។
ការប្រើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានប្រាប់កាសែតនគរវត្តថា ជនសង្ស័យឈ្មោះសឹង អុល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា ដោយជនសង្ស័យ និងជនរងគ្រោះជាប្អូនប្រុស បានស្រាស្រវឹងស្រាយ៉ាងខ្លាំង ហើយក៏មានទំនាស់ពាក្យសំដីជាមួយបងប្រុសឈ្មោះសឹង អុន អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ ដែលអង្គុយផឹកសីុ បន្ទាប់មក បានទៅយកដំបងមែកប្រេងខ្យល់ មកវាយត្រូវមួយដំបងចំលើចុងភ្នែកឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនឹងកន្លែង។
ប្រភពបន្តថា លុះព្រឹកឡើងទើបសមត្ថកិច្ចបានទទូលព័ត៌មាននេះពីលោកមេភូមិឈ្មោះ យិន មាន បានរៀបរាប់ប្រាប់ថា ជនរងគ្រោះជាបងប្រុសទៅដាក់ពាក្យបណ្តឹងមកផ្ទះគាត់(មេភូមិ) ប៉ុន្គែខណៈដើរចេញពីផ្ទះបានចម្ងាយប្រហែល៦០ម៉ែត្រ ស្រាប់តែដួលស្លាប់ តែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាលបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថាន