ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧មន្ទីរសង្គមកិច្ចនិងយុវនីតិសម្បទាខេត្តកំពង់ស្ពឺបានធ្វើបច្ចុប្បន្នភាពដល់កងកម្លាំងយោធា នគរបាល មន្ត្រីរាជការទូទាំង៨ស្រុក-ក្រុងក្នុងខេត្ត កំពង់ស្ពឺទាំងមូលដែលចូលនិវត្តន៍ដើម្បីងាយស្រួលក្នុងការពន្លឿនទៅថ្នាក់លើបន្តទៀត ។
នេះបើតាមសម្តីរបស់លោកលុយ ឡុំ ប្រធានមន្ទីរសង្គមកិច្ច និងយុវនីតិ សម្បទា ខេត្តកំពង់ស្ពឺបានមានប្រសាសន៍ឲ្យដឹង ដោយលើកឡើងថា បច្ចុប្បន្នភាពនេះដើម្បីងាយស្រួលដល់មន្ត្រីរាជការកងកម្លាំងទាំង៣នៅក្នុងស្រុកក្រុងចំនួន៨ ទូទាំងខេត្តកំពង់ស្ពឺនិងគ្រួសារសពពលី ផងដែលជួយពន្លឿនដល់ការងារឆាប់ ទទួលបាននូវប្រាក់បៀវត្សផងដែរ ។
លោកបានបន្តទៀតថាការចូលនិវត្តន៍ របស់មន្ត្រីតាមមន្ទីរនិងកងកម្លាំងទាំងអស់មានជាបន្តបន្ទាប់តាមអាយុកាលជាច្រើននាក់ជារៀងរាល់ឆ្នាំ ហើយខាងមន្ទីរតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការរបស់បងប្អូនទាំងអស់មិនរើសអើងចំពោះជនណាម្នាក់នោះឡើយ ។
ជាចុងក្រោយលោកក៏សំណូមពរផងដែរដល់មន្ត្រីរាជការនិងកងកម្លាំងទាំង៣នៅក្នុងខេត្តកំពង់ស្ពឺទាំងមូលដែលមិនទាន់បានបំពេញសំណុំបែបបទ សូមរួសរាន់ឡើងមកបំពេញនៅមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចវិទ្យាល័យកំពង់ស្ពឺ ស្ថិតនៅ ក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ ៕ សេនាសក្តិ