លើក​នេះ​ ឧកញ៉ា​ ជួប​ ច័ន្ទ​ ទំនង​គេច​មិន​ផុត​ពី​ពន្ធនាគារ​ទេ​រឿង​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​៣លាន​ដុល្លារ​

ចែករំលែក៖

ភ្នំពេញ​៖ ក្រោយ​ត្រូវ​ព្រះ​រាជ​អាជ្ញា​រង​ អនុញ្ញាត​​ឱ្យ​ត្រឡប់​ទៅ​វិញ​ម្តង​ ឥឡូវ​នេះ​ឧកញ៉ា​ ជួប​ ច័ន្ទ​ ត្រូវ​បាន​ចាប់​ខ្លួន​សាជាថ្មី​ ដើម្បី​សាកសួរ​បទល្មើស​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​៣លាន​ដុល្លារ​អាមេរិក​ ។​ លើក​នេះ​ ឧកញ៉ា​ជួប​ ច័ន្ទ​ ទំនង​គេច​មិន​ផុត​ពី​ពន្ធនាគារ​ទេ​ ។​ នគរបាល​បញ្ជាក់​ថា​ ឧកញ៉ា​ ជួប​ ច័ន្ទ​ នឹង​ត្រូវ​បញ្ជូន​មក​តុលាការ​ នៅ​ថ្ងៃទី​១០​ ខែ​វិច្ឆិកា​ នេះ​ ដើម្បី​ប្រគល់​ជូន​លោក​ គឹម​ រ័ត្ន​ណារិន​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។

ឧកញ៉ា​ ជួប​ ច័ន្ទ​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា​ តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​លោក​ គឹម​ រ័ត្ន​ណារិន​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​បទល្មើស​”មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​”ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមហ៊ុន​ គឹម​ ហាប់​ ខូអិលធីឌី​ ផ្ទះ​លេខ​៥៤​ ផ្លូវ​លេខ​៣៨៨​ សង្កាត់​ទួលស្វាយព្រៃ​២​ ខណ្ឌ​ចំការមន​ កាលពី​ថ្ងៃទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ តាម​មាត្រា​២៣១នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន​និង​ប្រតិបត្តិការ​ទូទាត់​ប្រាក់​។

លោក​ គឹម​ រ័ត្ន​ណារិន​ ចៅក្រម​ស៊ើបសួរ​ បញ្ជាក់​ក្នុង​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ថា​ ជនត្រូវចោទ​ត្រូវ​បាន​តំណាង​អយ្យការ​ ចោទ​ប្រកាន់​ពី​បទ​មជ្ឈិម​ ដែល​ច្បាប់​កំណត់​ដាក់​ពន្ធនាគារ​ និង​ បាន​បង្ក​ឱ្យ​មាន​ពន្យសកម្ម​ធ្ងន់ធ្ងរ​ ប៉ះពាល់​ដល់​ប្រយោជន៍​អ្នក​ដទៃ​ជា​បុគ្គល​ឯកជន​ និង​ ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ ។​ ដើម្បី​ចៀសវាង​ការ​រត់​គេច​របស់​ជនត្រូវចោទ​ និង​ធានា​ការ​ស៊ើបសួរ​ឱ្យ​បាន​ពេញលេញ​ សម្រេច​នាំ​ខ្លួន​ ជួប​ ច័ន្ទ​ មក​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​ ដើម្បី​បំំភ្លឺ​ការ​ពិត​។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់នេះគឺ ឧកញ៉ា ជួប ច័ន្ទ បានរកស៊ីជាមួយក្រុមហ៊ុនលោកលីវ វុទ្ធី និងលោកឧកញ៉ា គឹម កៅ ជាឪពុក លើទឹកប្រាក់ប្រមាណ៣លានដុល្លារអាមេរិក។ ប៉ុន្តែក្រោយមកលោកឧញ៉ា គឹម កៅ បានទារប្រាក់នេះវិញ ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅឧកញ៉ា គឹម កៅ ដែល​មានទឹកប្រាក់ជាងមួយ​លានដុល្លារអាមេរិក ដោយបានកំណត់​ ឱ្យ​ទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២១០៧។

ប៉ុន្តែពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថាមូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ។ ក្រោយបានទទួលពាក្យបណ្តឹងរបស់​លោក លីវ វុទ្ធី​ រួចហើយ​ សមត្ថកិច្ចបានអញ្ជើញឧកញ៉ា ជួប ច័ន្ទ ឱ្យ​ចូលបំភ្លឺលើពាក្យបណ្តឹងនេះ​។​

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឧកញ៉ា​ ជួប​ ច័ន្ទ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួនម្តងរួចហើយ ពាក់ព័ន្ធ​ករណីនេះ តាម​ការ​ឯកភាព​ឱ្យ​ឃាត់ខ្លួន​របស់​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ប៉ុន្តែក្រោយការសួរនាំ ក៏​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នេះ​ ដោយសារ​យោង​លើ​ «ដីកា​សម្រេច​រក្សា​ការពារ​ ស្តីពី​ការ​រឹបអូស​ជា​បណ្ដោះ​អាសន្ន​» លេខ​២៩៧”ង”ដ.រ​ ចេញ​ដោយ​លោក​ ហេង​ សុខណា​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ ។

មន្ត្រី​ដដែល​បានបន្ត​ថា​ យោង​តាម​ដីកា​សម្រេច​រក្សា​ការពារ​ ស្តីពី​ការ​រឹបអូស​ជា​បណ្ដោះ​អាសន្ន​ នេះ​ គឺ​សបញ្ជាក់​ឱ្យ​ឃើញ​ថា​ សែក​នេះ​ត្រូវ​បាន​អស់​សុពលភាព​ហើយ​។​ ដូច្នេះ​ វា​មិន​អាច​បង្កើត​បានជា​បទល្មើស​ទេ​។​ ទោះបី​យ៉ាងណា​ មន្ត្រី​ដដែល​សង្កត់​ធ្ងន់​ថា​ «ឧកញ៉ា​ ជួប​ ច័ន្ទ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មែន​ តែ​នីតិវិធី​តុលាការ​នៅ​ដដែល​»៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print