ខេត្តកំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបការជួញដូរនិងប្រើ ប្រាស់ថ្នាំញៀន ឃាត់មនុស្ស៣នាក់ និងចាប់យកវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។
យុទ្ធនាការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១០ និង២០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិចំបក់ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយនគរបានប្រើ វិធានការញុះញង់ជាមធ្យោបាយឈានដល់ការឃាត់ខ្លួន ។
នគរបាលបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យមុនគេ ឈ្មោះ ជូ សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្រពាំងកក់ ឃុំសំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចាប់យកវត្ថុតាង ថ្នាំញៀនចំនួន២កញ្ចប់ ធំ១កញ្ចប់ , ប្រាក់ប្រើសម្រាប់ញុះញង់ចំនួន៥០០.០០០រៀល ទូរស័ព្ទ១គ្រឿង ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ និងសម្ភារ:វេចខ្ចប់មួយចំនួន។
ក្រោយការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ សមត្ថកកិច្ចនគរបាលបន្តឃាត់ខ្លួន មុខ សញ្ញាប្រើប្រាស់ថ្នាំញៀន២នាក់បន្ថែមទៀតក្នុងគ្រាដែលពួកគេទូរស័ព្ទមកទិញថ្នាំញៀន ។
១-ឈ្មោះ អ៊ន ម៉េងអ៊ាង ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំត្រំ ឃុំសំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ,២-ឈ្មោះ នង ស៊ាងហ៊ី ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងត្រំ ឃុំសំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចាប់យកវត្ថុតាង ទូរស័ព្ទ ដៃ១គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ។
ជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ