នាយឧត្តមសេនីយ៍គន់ គីម ធ្វើទស្សនកិច្ចនាវា ពិឃាតរុស្សុីដែលសំចតនៅកំពង់ផែក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយ សេនាធិការចម្រុះនៃកងយោធពលខេមរ ភូមិន្ទ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញទៅបំពេញទស្សនកិច្ច និង ទស្សនានៅលើនាវារបស់ទាហានជើងទឹក រុស្ស៊ីពីរគ្រឿង ដែលកំពុងចតនៅកំពង់ផែខេត្តព្រះសីហនុ។

ការអញ្ជើញទៅបំពេញទស្សនកិច្ចលើនាវាទាំងពីរគ្រឿងនេះ គឺតបតាមការ អញ្ជើញរបស់ឧត្តមនាវី អេតដេវ មីកខាយ្យូ មេបញ្ជាការកងកប៉ាល់ នៃកងទ័ពជើង ទឹករុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចនៅលើ នាវានេះ នាយឧត្តមសេនីយ៍ គន់ គីម ដែល អមដំណើរដោយយោធាជាន់ខ្ពស់របស់ កម្ពុជាមួយចំនួនដែរនោះ ត្រូវបានទទួល ស្វាគមន៍យ៉ាងកក់ក្តៅដោយថ្នាក់ដឹកនាំ និងកងទ័ពនៅលើនាវាទាំងពីរគ្រឿងនេះ។

នាយឧត្តមសេនីយ៍ គន់ គីម ត្រូវបាន អញ្ជើញទស្សនា និងណែនាំពីការងារជាច្រើនរបស់កងទ័ពជើងទឹករុស្ស៊ីនៅលើនាវាពិឃាតទាំងពីរគ្រឿង។ ក្រោយពីបាន ទស្សនា និងឈ្វេងយល់ពីការងារនៅនាវាទាំងពីរនេះហើយ ឧត្តមនាវី អេតដេវ មីកខាយ្យូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ គន់ គីម ដែលបានអញ្ជើញធ្វើទស្សនកិច្ចនៅលើនាវា របស់ខ្លួន។

កងទ័ពជើងទឹករុស្ស៊ី ដែលកំពុងចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃនេះក៏មានការប្រកួតកីឡាជាមួយកងទ័ពជើងទឹករបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា នាវាជើងទឹករបស់រុស្ស៊ី ចំនួនពីរគ្រឿង បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីបំពេញទស្សនកិច្ចនៅ កម្ពុជារយៈពេល៧ថ្ងៃ ។

នាវាដែលចូលចតនៅកំពង់ផែខេត្តព្រះសីហនុនេះរួមមាន៖ នាវាឈ្មោះ Admiral Panteleyev 548 មានបណ្តោយ ១៦២, ៨០ម៉ែត្រ ទទឹង១៩,០២ម៉ែត្រ ជម្រៅ ៦,២០ ម៉ែត្រ និងមានសមត្ថភាពផ្ទុកទម្ងន់ បាន៦៩៥៥តោន មានបំពាក់ដោយប្រព័ន្ធ បច្ចេកវិទ្យាទំនើបរួមមាន មីស៊ីលប្រឆាំង នាវាមុជ ទឹក ២គុណ៤ SS.N14 មាន កាណុងបញ្ឈរសម្រាប់បាញ់មីស៊ីលទៅលើអាកាស SA.N.9 ចំនួន ៨, កាំភ្លើងធំ ១០០មិល្លីម៉ែត្រ ចំនួនពីរ AK.630ចំនួន៤ បំពង់,Torpedo 553មិល្លីម៉ែត្រ ៤បំពង់, ASW/ASUW ចំនួនពីរ,កាំភ្លើងរ៉ុក្កែតសម្រាប់ប្រឆាំងនាវាមុជទឹក RBU.600 ចំនួន២ និងឧទ្ធម្ភាគចក្រ Ka.27Hellx ចំនួនពីរ។

នាវានេះដឹកនាំដោយលោកវរនាវីឯក Aleksey Anitsiferov និងមានកងនាវិក សរុប៣៨៨នាក់ ក្នុងនោះនាយនាវី៣៨ នាក់ នាវិក ៣៥០ នាក់។ ចំណែកឯនាវា ឈ្មោះ Boris Butoma 621 ជាប្រភេទ ដឹកប្រេងមានបណ្តោយ១៦១,១០ម៉ែត្រ ទទឹង ២១,៨០ ម៉ែត្រ មានជម្រៅ១០ ម៉ែត្រអាចផ្ទុកបានរហូតដល់ ៧១៥០ តោន។ នាវានេះដឹកនាំដោយលោកវរ នាវីឯក Sergey Bondar និងមាននាវិកជា ជនស៊ីវិលសរុប៧៥នាក់ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print