ខេត្តពោធិ៍សាត់ ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ចុះសហការជាមួយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុងបង្រ្កាបមុខសញ្ញាប្រុសស្រីចំនួន ៤នាក់ ពាក់ព័ន្ធករណីប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចដើមអំពិលសស្អុយ ស្ថិតក្នុងភូមិព្រហស្ថ៍ក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកំលាំងចុះអនុវត្តការងារខាងលើបានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ទី១ ឈ្មោះ ជួន បូណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ឈន ឆុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ សុខ បញ្ញា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ៣នាក់រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី៤ គេមិនបញ្ជាក់អំពីឈ្មោះ និងអាស័យឋាននោះទេ។
ប្រភពខាងលើបន្តថា មុខសញ្ញាប្រុសស្រីជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនទាំង ៤នាក់ ត្រូវបានកម្លាំងធ្វើការបង្រ្កាបជាក់ស្ដែងខណ:ពួកគេកំពុងនាំគ្នាប្រព្រិត្ត ហើយក៍ជាមុខសញ្ញាដែលសមត្តកិច្ចមូលឋានយើងធ្វើការស្រាវជ្រាវ និងតាមដានជាយូមកហើយនោះដែរ។
ប្រភពខាងលើដដែលបន្តទៀតថា ជនសង្ស័យជាមុខសញ្ញាទាំង ៤នាក់ បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបំពេញឯកសារពាក់ព័ន្ធនានាចាត់ចែងបន្ត ៕ បឹុម ពិន