ភ្នំពេញ៖សំណុំរឿងបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ រហូតមកទល់ពេលនេះ ពុំទាន់មានលទ្ធផលទេ ដោយតុលាការសម្រេចចាត់របៀបរឿងក្តីនេះ បន្តស៊ើបសួរទៀត ក្រោយពន្យារពេលប្រកាសសាលក្រមជាង៦ខែរួចមក ។
លោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ប្រកាសសាលក្រមកាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ដោយចាត់របៀបឱ្យលោក លី សុខលេង ចៅក្រមស៊ើបសួរ បន្តការស៊ើបសួរទៀត ជុំវិញករណីដ៏កក្រើកនេះ ។ សាលក្រមដែលប្រកាសនេះ គឺ គ្មានវត្តមានជនជាប់ចោទ ថោង សារ៉ាត់ ទេ ។
លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។
លោក ថោង សារ៉ាត់ និង ក្រុមអង្គរក្ស ត្រូវបានតុលាការចោទប្រកាន់ ពាក់ព័ន្ធការបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ ហើយមកទល់ពេលនេះ ក្រុមជនជាប់ចោទ ត្រូវជាប់ពន្ធនាគារជិត៣ឆ្នាំហើយ ។
ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ចេស្តា