រញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតក្នុងឆ្នាំ២០១៧នៅអ៊ីរ៉ង់និងអ៊ីរ៉ាក់

ចែករំលែក៖

រញ្ជួយដីនៅតំបន់ភ្នំជាប់ព្រំដែនអ៊ីរ៉ង់ និងអ៊ីរ៉ាក់នោះបណ្តាលឲ្យស្លាប់កើនឡើងជាង៤០០នាក់ និងជាង៧ពាន់នាក់ទៀតរងរបួសធ្ងន់ស្រាល។ ក្រុមជួយសង្គ្រោះបានមមាញឹកខ្លាំងនៅពេលនេះស្វែងរកជនរងគ្រោះដែលនៅរស់រានមានជីវិត ហើយជាប់គាំងនៅក្រោមកម្ទេចកម្ទីនៃអគារបាក់បែកនោះ ។

ពលរដ្ឋដែលរងគ្រោះបំផុតគឺស្ថិតនៅតំបន់ភាគខាងលិចរបស់អ៊ីរ៉ង់ Sarpol-e-Zahab ទីប្រជុំជនមួយចម្ងាយតែ១៥គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែន និងផ្នែកខ្លះទៀតនៅខេត្ត Kermanshah។

ទូរទស្សន៍អ៊ីរ៉ង់ផ្សាយថា មន្ទីរពេទ្យដ៏សំខាន់នៅក្នុងតំបន់ត្រូវរងការបំផ្លាញដោយការរញ្ជួយដី ធ្វើឲ្យលំបាកលំបិនកាន់តែខ្លាំងដល់អ្នកជំងឺរាប់រយនាក់ដែលរងរបួសត្រូវបញ្ជូនទៅព្យាបាលនៅទីនោះ។

ស្ត្រីម្នាក់ រួមជាមួយកូនរបស់គាត់ត្រូវបានកាយចេញពីកម្ទេចថ្មបាក់បែកដោយមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ភ្នាក់ងារផ្តល់ជំនួយនិយាយថាមនុស្សប្រមាណ៧ម៉ឺននាក់ត្រូវការទីជម្រក បន្ទាប់ពីហេតុការរញ្ជួយដីនេះ ។ រាប់ពាន់នាក់ផ្សេងទៀតប្រឈមនឹងការស្នាក់នៅក្នុងរាត្រីទី២ ទាំងកណ្តាលលំអរអាកាសត្រជាក់ល្ហល្ហេវ។

មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថា មនុស្ស៤១៣នាក់បានស្លាប់នៅក្នុងប្រទេសនេះ ។ ទាហានល្បាតនៅព្រំដែនស្ថិតនៅក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិត។ នេះបើតាមបណ្តាញទូរទស្សន៍ IRINN ។

រីឯនៅអ៊ីរ៉ាក់វិញ មនុស្ស៩នាក់ស្លាប់ និងជាង៥០០នាក់រងរបួស ។ ការរញ្ជួយកម្រិត៧.៣រ៉ិចទ័រនេះ បានធ្វើកក្រើកញាប់ញ័រតំបន់ Irbil, Sulaimaniya, Kirkuk និង Basra ព្រមទាំងទីក្រុងBaghdadផងដែរ។

រញ្ជួយដីកើតឡើងនៅម៉ោង២១និង១៨នាទី ម៉ោងនៅក្នុងតំបន់ ចម្ងាយ៣០គីឡូម៉ែត្រភាគខាងត្បូង Darbandikhan ជាប់ព្រំដែនជាមួយអ៊ីរ៉ង់។ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សជាង១.៨លាននាក់រស់នៅក្នុងរង្វង់ផ្ទៃដី១០០គីឡូម៉ែត្រ ដែលវាយប្រហារពីការរញ្ជួយដីមួយនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print