ខ្ទប់ចាប់បាន២នាក់ក្នុងបន្ទប់ផ្ទះសំណាក់ យីយោ យិនសិុនថ្មី ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់,មូលដ្ឋានកងរាជអាវុធហត្ថក្រុង,ប៉ុស្ដិ៍នគរ​បាលរដ្ឋបាលរលាប និងប្រជាការពារភូមិ ដឹកនាំដោយលោក វរ:សេនីយ៍ទោ យឹម ស៑ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះឆែកឆេបន្ទប់មួយនៃផ្ទះសំណាក់យីយោ(យិនសុិនថ្មី)ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង និងសម្ភារមួយចំនួនថែមទៀត។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់លេខ២៦នៃផ្ទះសំណាក់យីយោ(យិនសុិនថ្មី) ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង,ខេត្តពោធិ៍សាត់។

លោក វរ:សេនីយ៍ទោ យឹម ស៑ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងធ្វើការឃាត់ខ្លួន និងដកហូតនូវវត្ថុតាងរួមទាំងសម្ភារផងនោះ ទី១ ឈ្មោះ ចេង សុធារិទ្ធ ហៅលុច ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងទី២ ឈ្មោះ ស៑ន់ សុីនុត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក វរ:សេនីយ៍ទោ យឹម ស៑ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់បន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ កម្លាំងបានដកហូតនូវវត្ថុតាង និងសម្ភាររួមមាន,ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់(តូច ០១កញ្ចប់ ធំ ០១កញ្ចប់)ជញ្ជីងថ្លឹងសារធាតុញៀនចំនួន ០១គ្រឿង ឩបករណ៍សំរាប់ប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនមួយចំនួន ការបូបតូចពណ៏ខ្មៅចំនួន ០១ ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងម៉ូតូចំនួន ០១គ្រឿងផងដែរ។

លោក អធិការនគរបាលបន្តទៀតថា ចំពោះជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាង និងសម្ភារ បាននាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី និងបំពេញសំណុំបែបបទឯកសារពាក់ព័ន្ធផ្សេងៗ បញ្ជូនបន្តទៅការិយាល័យជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print