ខេត្តកំពង់ចាម ៖ សង្វៀនបញ្ជល់មាន់ខុសច្បាប់និងល្បែងអាប៉ោងជាច្រើនវង់មួយកន្លង កំពុងបើកលេងយ៉ាងរលូនគ្មានសមត្ថកិច្ចជំនាញឬអាជ្ញាធរដែនដីណាមានវិធានការ នៅឡើយ ។ ធ្វើឱ្យមជ្ឈដ្ឋានប្រជាពលរដ្ឋដាក់ការសង្ស័យថា ម្ចាស់សង្វៀនបញ្ជាល់មាន់ខុសច្បាប់ ដែលមានឈ្មោះ វុន ជាម្ចាស់បានរត់ការបិទមាត់បិទភ្នែកថ្នាក់លើ ជាថ្នូរទទួលបានលាភសក្ការ:ទើបកន្លែងល្បែងសុីសងរបស់គេដំណើរការយ៉ាងរលូនបែបនេះ។
សម្រាប់ទីតាំងចូលទៅលេង គឺធ្វើដំណើរតាមផ្លូវជាតិលេខ២៤បត់ឆ្វេង ប្រហែល៥០០ទៅ៦០០ម៉ែត្រ ស្ថិតក្នុងភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកទទួលលេងជារៀងរាល់ថ្ងៃ ។
សូមបញ្ជាក់ថា កន្លងមកឈ្មោះ វុន នេះបានបើកទីកន្លែងលេងល្បែងសុីសងខុសច្បាប់នេះនៅច្រកចូលខាងត្បូងផ្សារបុសខ្នុរទៅលិចចំងាយប្រហែល២គីឡូម៉ែត្រ ឆ្លង កាត់ភូមិ១០មករា ទៅដល់ភូមិសាមគ្គី ក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម (ក្នុងព្រៃចំការចន្ទីរ) ។
កន្លងត្រូវបានលោកអភិបាលខេត្ត គួច ចំរើន បញ្ជាទៅលោកអភិបាល ស្រុកចំការលើ ខ្លូត ចិន្តា ឲ្យបិទលែងឲ្យមានលេងដោយមិនមានការបង្រ្កាបនោះទេ តែមិនដឹងថា បុគ្គល ឈ្មោះ វុន នេះ ប្រើវេទមន្តសណ្តំអ្វីនិងមានឥទ្ធិពលអ្វីនោះទេ ទើបរត់ការបើកលេងនៅទីតាំងថ្មីនេះបានទាំងបំពានច្បាប់ទៅវិញ ។
សមាជិកគ្រួសាររស់នៅក្នុងភូមិសាស្ត្រខាងលើដែលងាយនឹងរងគ្រោះពីបនល្បែងខាងលើ សូមសំណូមពរទៅលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេត្តាជួយពិនិត្យមើលនិងមានវិធានការបង្រ្កាបផង ជៀសវាងដើរផ្ទុយគោលនយោបាយរាជរដ្ឋាភិបាល អំពីភូមិឃុំមានសុវត្ថិភាព គ្មានល្បែងសុីសង គ្មានចោលួចចោរប្លន់ ប្រជាពលរដ្ឋរស់ដោយសុខសាន្ត ដែលជាក្តីបំណងតែមួយគត់តបស់្របជាពលរដ្ឋ៕ វណ្ណៈ