ខេត្តស្វាយរៀង ៖ រថយន្តដឹកចំណីសត្វ២គ្រឿងត្រូវបានសមត្ថកិច្ចដោះលែងឲ្យត្រឡប់ទៅវិញខណៈឃាត់មួយ រយៈដោយសង្ស័យស្មានតែរថយន្តនេះលាក់ឈើខុសច្បាប់កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាននគបាលខេត្តស្វារៀងបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនៅតាមបន្ទាត់ព្រំដែន បានឃាត់រថយន្តធុនយក្សចំនួន២គ្រឿង បន្ទាប់ពីសង្ស័យថាមានបង្កប់ឈើគ្រញូងខុសច្បាប់បម្រុងលោតឆត្រឆ្លងដែនទៅប្រទេសវៀតណាម កាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលំស្ថិតនៅភូមិតាសួស ឃុំដូង ស្រុករមាសហែក ។ ពេលឆែកត្រួតពិនិត្យពុំបាន រកឃើញឈើខុសច្បាប់នោះទេ រកឃើញម្សៅសាច់ត្រី សង្ស័យខូចគុណភាព អត់ស្លាកយីហោ ជាង៧០តោន ។
បើតាមលោកវរសេនីយ៍ទោ អ៊ុង សំអុល នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្ត បានឲ្យដឹងថា រថយន្តឃាត់ត្រួតពិនិត្យម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទផ្លាស៊ីហ្វម សណ្ដោងរ៉ឺម៉ក២គ្រឿង ១.ពាក់ស្លាកលេខ ស្វាយរៀង ៣A-១២០៥ សណ្ដោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤A-៤៥៧១ ដឹកម្សៅសាច់ត្រីចំនួន៨៥០បាវស្មើ៤២,០០០គីឡូក្រាម (៤២តោន) ។ ២.ពាក់ស្លាកលេខកំពង់ចាម ៣A-២៦៧២ សណ្ដោងរ៉ឺម៉កគ្មានស្លាកលេខ ដឹកម្សៅសាច់ត្រីចំនួន ៧៤៥បាវ ស្មើ៣៦,៣១៨គីឡូក្រាម (៣៦តោន ៣១៨គីឡូ) ។
លោក អ៊ុង សំអុល បន្តទៀតថា រថយន្តសង្ស័យខាងលើ បានដឹកទំនិញ ចេញពីឃ្លាំងមួយកន្លែងនៅឯសង្កាត់ កំបូល រាជធានីភ្នំពេញ មកតាមផ្លូវជាតិលេខ៨ ចុះមកតាមឃុំក្រសាំង ស្រុករមាសហែក មកដល់ផ្លូវកែងវត្តដូង ភូមិដូង ឃុំដូង ក៏បត់ឆ្វេងទៅ ភូមិតាសួស ។ ពេលនោះសមត្ថកិច្ចក៏មានការសង្ស័យក៏បានឃាត់រថយន្តទាំង២គ្រឿង ដើម្បីត្រួតពិនិត្យ បន្ទាប់ពីសង្ស័យថាមានបង្កប់ឈើគ្រញូងខុសច្បាប់ ។
នៅពេលសមត្ថកិច្ចសាកសួរមុខទំនិញ ម្ចាស់រថយន្តឈ្មោះ ស៊ិម ធីតា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឆ្លើយថា ពួកគាត់ដឹកចំណីសត្វឲ្យថៅកែផងដែរវៀត ណាម ហើយពេលសួររកម្ចាស់ទំនិញ ពួកគេឆ្លើយថា អត់ស្គាល់ទេ ពួកគេគ្រាន់តែស៊ីឈ្នួលដឹកឲ្យគេ ចេញពីសង្កាត់កំបូលមកឲ្យម៉ូយវៀតណាមចាំទទួលនៅព្រំដែនក្បែរវត្តដូងប៉ុណ្ណោះ ក៏ប៉ុន្តែពេលមកដល់ពួកគាត់មិនឃើញមានម៉ូយវៀតណាមណាម្នាក់មកទទួលឡើយ ៕ យឹម សុថាន