ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចស្រ្តីគ្មានអ្នកស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់បាត់ចង់ជីវិត និងយុវជនចំនួន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២លើកផ្សេងគ្នា។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិច្រាប្រិយ៍ជា ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើករវាងរថយន្ត និងម៉ូតូ ខណៈដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា(ជើងទៅត្បូង,ត្បូងទៅជើង) បណ្ដាលឲ្យភាគ្គីខាងម៉ូតូរងរបួសធ្ងន់ចំនួន ២នាក់។
អ្នកបើកបរម៉ូតូឈ្មោះ ភឿន ផ្លយ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងកំបុត្រ ឃុំត្រពាំងជង ស្រុកបាកាន(ពាក់មួកសុវត្ថិភាព) និងអ្នករួមដំរួមដំណើរឈ្មោះ ហុីង ពៅ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាប់ក្រឡាញ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់(មិនពាក់មួកសុវត្ថុភាព) ជនរងរបួសទាំង ២នាក់ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តជំនាញផ្នែកសណ្ដាប់ធ្នាប់យកទៅរក្សាទុក ដែលហេតុការណ៍នេះកើតឡើងដោយជិះម៉ូតូមិនប្រកាន់ស្តាំ។
ដោយឡែក៖ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងដែរថា នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែឆ្នាំដដឺល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៥,១៣៦ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកដែរ ដោុយបង្កឡើងរវាងរថយន្តមិនស្គាល់ម៉ាក បានធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលបុកស្រ្តីម្នាក់កំពុងដើរបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ប្រភពដដែលបន្តទៀតថា ស្រ្តីរងគ្រោះសមត្តកិច្ចរកអត្តសញ្ញាណឬសាច់ញាតិពុំទាន់ឃើញនៅឡើយនោះទេ សាកសពពាក់អាវក្រៅពណ៏ខ្មៅ និងអាវក្នុងពណ៏ស្វាយ ស្លៀកសារុងពណ៏ក្រហម សាកសពបានយកទៅបញ្ចុះតាមបញ្ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចំពោះករណីខាងលើនេះសមត្តកិច្ចពាក់ព័ន្ធបន្តការស្រាវជ្រាវរកអត្តញញាណសាច់ញាតិជនរងគ្រោះ ៕ បឹុម ពិន