លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សូមអន្តរាគមន៍ពីអាជ្ញាធរខេត្ត មេត្តាផ្ដល់អគារ២ខ្នងដល់អនុវិទ្យាល័យម្រាម ខណៈអគារចាស់កំពុងរងការបាក់បែក ទ្រុឌទ្រោមនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកគ្រូអ្នកគ្រូ បង្រៀននៅអនុវិទ្យាល័យម្រាមព្រមទាំង គណៈកម្មការមាតា បិតាសិស្ស បានអំពាវនាវរកសប្បុរសជនជាពិសេសរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តមេត្តាផ្តល់អគារសិក្សា២ខ្នងបន្ទាប់ពីអគារសិក្សាសព្វថ្ងៃរងការបាក់បែក ទ្រុឌទ្រោមយ៉ាងខ្លាំង ជួសជុលអស់ លទ្ធភាព ដំបូលលិច ជញ្ជាំងរហែកបាំង កៅស៊ូតង់ សរសរពុក ផ្ទោងផ្លានក៏ពុក ប្រឈមនឹងដួលរលំដោយភ្លៀងខ្យល់ កន្ត្រាក់នាចុងរដូវវស្សានេះ ។

លោក ម៉ៅ វាន នាយកអនុវិទ្យាល័យ ម្រាមបានមានប្រសាសន៍ថា អនុវិទ្យាល័យ ម្រាមបានបង្កើតឡើង ចាប់តាំងពីខែមករា ឆ្នាំ២០១៣ បានប្រកាសជាផ្លូវការនៅឆ្នាំ ២០១៤មានលោកគ្រូ ចំនួន៦រូបនៅឆ្នាំ សិក្សា​២០១៣-២០១៤ មានសិស្ស ១២៥ នាក់ស្រី៥៥នាក់ត្រូវចូលសិក្សា។ ដូច្នេះលោកត្រូវសុំខ្ចីអគារចាស់នៃសាលា​បឋមសិក្សាម្រាម១ខ្នងមកជួសជុលដើម្បីបង្រៀនសិស្ស រហូតមកដល់បច្ចុប្បន្នឆ្នាំសិក្សា ២០១៧-២០១៨នេះអនុវិទ្យាល័យម្រាម ពុំទាន់មានអគារសិក្សានៅឡើយទេ ហើយ អគារសិក្សា ដែលកំពុងបង្រៀនសព្វថ្ងៃនេះគឺជាអគារសិក្សាបាក់បែករបស់សាលាបឋមសិក្សាម្រាមបោះបង់ចោលយូមក ហើយទៀត ។

លោកនាយកបន្តទៀតថា អនុវិទ្យា ម្រាមគ្មានអគារសិក្សា គ្មានអគារទីចាត់ការ គ្មានបណ្ណាល័យ និងគ្មានសម្ភារៈប្រើប្រាស់ ជាច្រើនទៀតដូចជាកុំព្យូទ័រសម្រាប់សាលា និងភ្លើងអគ្គីសនីជាដើម ។

លោកនាយកបន្តទៀតថា សិស្សចំណុះ អនុវិទ្យាល័យម្រាមមានចំនួន៧ភូមិគឺ៖១-ភូមិម្រាមខាងត្បូង ២-ភូមិម្រាមខាងជើង ៣-ភូមិអកមូល ៤-ភូមិតាទ្រូ ៥-ភូមិបឹងភេ ៦-ភូមិត្រពាំងជ័រនិង៧-ភូមិព្រៃស្រះ។ ចំណែកលោកម៉មសាវុធនាយកសាលា បឋមសិក្សាម្រាមបានឲ្យដឹងថាសាលាបឋមសិក្សាម្រាម មានផ្ទៃដីសរុប​៨,៩៧៧,២៥ម៉ែត្រការ៉េមានបុគ្គលឹក១៥នាក់ស្រី០៨នាក់ មានសិស្សសរុប៤៧២នាក់ស្រី២១០នាក់ មាន​១៣ថ្នាក់ ។ ចំណែកអគារសិក្សាមាន២ខ្នងស្មើ៧បន្ទប់(ចែកជា២វេនពេលព្រឹក និងល្ងាច) ។

លោកនាយកបន្តទៀតថា អគារសិក្សា ក៏ចាស់ទ្រុឌទ្រោមដែរ ពេលមានភ្លៀងខ្យល់ត្រូវជម្លៀសសិស្សចេញពីសាលារកកន្លែងមានសុវត្ថិភាពដូច្នេះតម្រូវការ អគារ១ខ្នង ស្មើ៦បន្ទប់ បំពាក់គ្រឿងសង្ហារឹម តុ កីអី ក្តាខៀននិងអាគារទីចាត់ការ១ខ្នងទៀតខណៈសិស្សកំពុងសិក្សានៅសាលាបឋសិក្សាម្រាមនេះគឺមកពី៧ភូមិដែរគឺភូមិម្រាមខាងត្បូង ភូមិម្រាមខាងជើង ភូមិត្រពាំងជ័រ ភូមិអកមូល ភូមិតាទ្រូ ភូមិល្បើកនិងភូមិព្រៃស្រះក្នុងឃុំម្រាមនេះ ។

ដូចនេះហើយទើបរូបលោកក៏ដូចជាលោកគ្រូអ្នកគ្រូមាតាបិតាសិស្សានុសិស្ស សូម អំពាវនាវដល់សប្បុរសជននិងរាជរដ្ឋាភិបាល អាជ្ញាធរខេត្តមេត្តាចុះមកពិនិត្យនិងផ្តល់អាគារសិក្សានេះដោយក្តីអនុគ្រោះ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print