លោក ត្រាំ ប្រកាសថាកូរ៉េខាងជើងគឺជាប្រទេសគាំទ្រភេរវកម្ម

ចែករំលែក៖

សកម្មភាពរបស់ប្រធានាធិបតីអាមេរិកបានធ្វើឲ្យប្រទេសនៅក្នុងតំបន់អាស៊ីភាគខាងជើងមានភាពតានតឹងសារជាថ្មី ក្រោយស្ងប់ស្ងាត់មួយរយៈពេល ដោយកូរ៉េខាងជើងមិនមានសកម្មភាពណាមួយឌឺដង ឬសាកល្បងមីសីល។

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា កូរ៉េខាងជើង គឺជាប្រទេសគាំទ្រ និងផ្តល់ជំនួយដល់ក្រុមភេរវកម្ម។ នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រី លោក ត្រាំបញ្ជាក់ថា សកម្មភាពដាក់បញ្ជូនកូរ៉េខាងជើងជាប្រទេសគាំទ្រភេរវកម្ម គួរតែធ្វើឡើងតាំងពីយូរ។ សកម្មភាពថ្មីរបស់លោក ត្រាំ នេះនឹងធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែមានភាពតានតឹង។

លោក ត្រាំ បានបញ្ជាក់ថា ភាពគ្រោះថ្នាក់នឹងកើតចេញពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើង និងការគាំទ្រក្រុមភេរវកម្មរបស់ប្រទេសនេះ នៅជុំវិញពិភពលោក។ ទាំងនោះហើយ គឺជាមូលហេតុដែលដាក់បញ្ជូលកូរ៉េខាងជើង ស្ថិតនៅក្នុងបញ្ជីគាំទ្រក្រុមភេរវកម្ម។

លោក ត្រាំ បញ្ជាក់ថា «យើងគាំទ្រទាំងស្រុង ដល់ការបង្កើនទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាងដើម្បីឲ្យប្រទេសនេះ បោះបង់កម្មវិធីបរមាណូ»។ លោក ត្រាំ បញ្ជាក់ទៀតថា ក្រសួងហិរញ្ញវត្ថុអាមេរិក និងចេញសេចក្តីសម្រេចប្រកាសការដាក់ទណ្ឌកម្មយ៉ាងតឹងតែងទៅលើកូរ៉េខាងជើង។

ក្រុមអ្នកឯកទេសបញ្ជាក់ថា សកម្មភាពទាំងនោះនឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹង ហើយបានធ្វើឲ្យការខិតខំរបស់ចិន បាត់បង់ប្រសិទ្ធិភាព។ កន្លងមក ចិនបានបញ្ជូនឧប្បការីទៅកាន់កូរ៉េខាងជើង ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗជុំវិញកម្មវិធីបរមាណូ។ បេសកជនចិនមួយរូប បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ជាមួយមន្ត្រីកូរ៉េខាងជើង ស្តីពីបញ្ហាឧបទ្វីបកូរ៉េ ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍លម្អិតនៅឡើយនោះទេ ប៉ុន្តែលោក សុង តៅ ជាប្រធាននាយកដ្ឋានអន្តរជាតិ នៃបក្សកុម្មុយនិស្តចិន កំពុងតែស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីលទ្ធផល នៃសមាជបក្សកុម្មុយនិស្ត នៅទីក្រុងប៉េកាំង ដែលទើបបានចប់នាពេលថ្មីៗនេះ ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print