ភ្នំពេញ៖ កញ្ញា នី មុន្នីនាថ តារាសម្ដែងល្បីល្បាញមួយរូប ត្រូវបានលោកអ៊ុក សុវណ្ណារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅឱ្យចូលទៅបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹងទាមទារប្រាក់របស់អតីតគូដណ្តឹងដែលជាអាណិកជនខ្មែរនៅអាមេរិក នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ។
ដីកាកោះហៅបានបញ្ជាក់ថាការចូលខ្លួនរបស់ចុងចម្លើយនីមុន្នីនាថនាពេលនេះគឺធ្វើទៅតាមនីតិវិធីដើម្បីត្រៀមការទាញហេតុផលតាមបណ្តឹងទាមទារប្រាក់ពីដើមបណ្តឹង។
ពាក់ព័ន្ធបញ្ហានេះនីមុន្នីនាថនៅមិនទាន់ប្រតិកម្មឬឆ្លើយតបយ៉ាងណានៅឡើយទេ។ប៉ុន្តែនាងធ្លាប់អះអាងកន្លងមកថា នាងនឹងចូលខ្លួនទៅបំភ្លឺ ប្រសិនបើមានដីកាកោះហៅពីតុលាការមែននោះ ។
កាលពីពេលថ្មីៗកន្លងមកនៅលើហ្វេសប៊ុករបស់នីមុន្នីនាថបានបង្ហោះសារគួរឲ្យចាប់អារម្មណ៍ថា”ចង់និយាយច្រើនណាស់តាមចិត្តខឹងតាមចិត្តក្ដៅ ប៉ុនែ្តពាក្យចាស់ពោលថាបើចង់ឈ្នះសត្រូវត្រូវធ្វើចិត្តឱ្យត្រជាក់”។
អតីតគូដណ្តឹងតារាសម្តែងនាងនី មុន្នីនាថ លោកអ៊ឹង សូឡាង បានដាក់ពាក្យបណ្តឹងដោយទាមទារឱ្យនាងសងជំងឺចិត្តដល់ខ្លួនចំនួន៥ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីរកាត់ផ្តាច់ការទាក់ទងគ្នា ។
លោកអ៊ឹង សូឡាងបានចាត់ទុកនីមុន្នីនាថថាបោកយកប្រាក់របស់ខ្លួនក្នុងពេលទាក់ទងជាមួយគ្នាដោយនៅក្នុងនោះលោកបានទិញរបស់របរមានតម្លៃមួយចំនួនឱ្យនាង តែដល់ពេលធ្លាក់វីសាទៅនៅអាមេរិកជាមួយគ្នានោះ ត្រូវនាងបដិសេធទៅវិញ ។
ពាក្យបណ្តឹងដែលចុះហត្ថលេខាដោយមេធាវីរបស់លោកអ៊ឹង សូឡាងកាលពីចុងខែកញ្ញាឲ្យដឹងទៀតថា”មូលហេតុនៃការទាមទារពីដើមចោទ (អ៊ឹង សូឡាង)គឺដោយសារការ ដែលបានស្គាល់គ្នា និងស្រឡាញ់គ្នាជាមួយចុងចម្លើយ (នី មុន្នីនាថ) នៅឆ្នាំ២០១៤ ដោយព្រមព្រៀងដោយច្បាស់លាស់ថា នឹងយកគ្នាជាប្តីប្រពន្ធនៅថ្ងៃអនាគត ទើបដើមចោទបានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ដោយមានឪពុកម្តាយទាំងសងខាងយ៉ាងត្រឹមត្រូវ។
នៅថ្ងៃភ្ជាប់ពាក្យភាគីចុងចម្លើយបានទាមទារបំពាក់ជូនចុងចម្លើយនូវគ្រឿងអលង្ការដូចជាខ្សែ.កពេជ្រ,ចិញ្ចៀនពេជ្រនិងក្រវិលពេជ្រមានតម្លៃ៣ម៉ឺន៧ពាន់ដុល្លារ។ម្យ៉ាងទៀតដោយសារដើមចោទជាអាណិកជនរស់នៅសហរដ្ឋអាមេរិក ដើមចោទខិតខំព្យាយាមបំពេញបែបបទធានាយកចុងចម្លើយទៅរស់នៅសហរដ្ឋអាមេរិក ។
ប៉ុន្តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីចុងចម្លើយបានទទួលវីសាឲ្យទៅអាមេរិក បែរជាមិនទៅថែមទាំងលប់ចោលការភ្ជាប់ពាក្យរវាងដើមចោទថែមទៀតផង ដោយលើកហេតុផលថា ដើមចោទមិនចេះប្រើពាក្យផ្អែមជាមួយចុងចម្លើយ ដែលជាមូលហេតុមិនត្រឹមត្រូវនោះទេ”។
យោងតាមពាក្យបណ្តឹងនេះរបស់លោកអ៊ឹង សូឡាង បញ្ជាក់ថា លោកបានស្នើសុំតុលាការបង្គាប់ឱ្យនី មុន្នីនាថ សងប្រាក់ចំនួន៧ម៉ឺនដុល្លារ និងប្រាក់សងជំងឺចិត្តមកលោកចំនួន៥ម៉ឺនដុល្លារបន្ថែមទៀត ៕ចេស្តា