វិភាគអន្តរជាតិ៖ ជនជាតិរ៉ូហ៊ីងយ៉ា ជាជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

តាំងពីដើមមកលោកស្រីអ៊ុងសានសូជី មិនបានបញ្ចេញប្រតិកម្មជុំវិញអំពើហិង្សាទៅលើក្រុមជនជាតិរ៉ូហ៊ីងយ៉ានោះឡើយ បើទោះបីមានការថ្កោលទោសពីសហគមន៍អន្តរជាតិក្តី។ រដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តអំពើហិង្សាទៅលើ ក្រុមជនជាតិរ៉ូហ៊ីងយ៉ា។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំអាស៊ី-អឺរ៉ុប លោកស្រីស៊ូជីបានលើកឡើង ដោយ ចោទប្រកាន់ទៅលើក្រុមជនជាតិ រ៉ូហ៊ីងយ៉ា ថាជាជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសរបស់លោកស្រី ហើយបានបង្ក អំពើភេរវកម្មជាច្រើននៅទីនេះ។

ពាក់ព័ន្ធនឹងការចាកចេញរបស់ជនជាតិរ៉ូហ៊ីងយ៉ា នឹងត្រូវបានលើកឡើង ដោយភ្ញៀវ ដែលមកចូលរួម នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ លោក ស្រីអ៊ុងសាន ស៊ូជី បាននិយាយថា ជម្លោះនៅជុំវិញពិភពលោកបានបង្កឱ្យមានការ គំរាមកំហែង និងភាពអាសន្នថ្មី ដោយលោកស្រីបានលើកឡើងពីរបៀបនៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់បានរីករាលដាល “អំពើ ភេរវកម្ម និងភាពជ្រុលនិយមដោយប្រើ អំពើហិង្សា, ភាពមិនស្មោះត្រង់ក្នុងសង្គម និងសូម្បីតែការគំរាមកំហែង នៃសង្គ្រាម នុយក្លេអ៊ែរ”។

ការជួយជ្រោមជ្រែងស្វែងរកដំណោះស្រាយឱ្យវិបត្តិរ៉ូហ៊ីងយ៉ាបានចាប់អណ្តែតឡើងលើកឆាកអន្តរជាតិ។ ជំនួបកំពូល អាស៊ី-អឺរ៉ុប ដែលបានចាប់បើកកាលពីថ្ងៃ ចន្ទកន្លងទៅនេះ មានរយៈពីរថ្ងៃ បានជួប ជជែកច្រើន អំពីការធ្វើមាតុភូមិនិវត្តន៍ជនជាតិរ៉ូហ៊ីងយ៉ាមកមីយ៉ាន់ម៉ាវិញ។ ចំណែក ចិនក៏បានលើកសំណើបីចំណុច ដែលអាចនាំមីយ៉ាន់ម៉ានិងបង់ក្លាសដែស ឱ្យចាកចេញពីភាពទ័លច្រកអន្តោប្រវេសន៍បាន។

ជំនួបកំពូល អាស៊ី-អឺរ៉ុបថ្ងៃនេះ ជាវេទិ កាអន្តរក្រសួងលើកទី ១៣ នៃបណ្តា ប្រទេសនៅអឺរ៉ុបនិងនៅអាស៊ី បានទទួល ការចូលរួមពីជាង៥០ប្រទេស។ ជំនួប “ពិភាក្សាអាស៊ី-អឺរ៉ុប” ឬហៅកាត់ថា ASEM តែងតែរៀបចំធ្វើឡើង ជារៀង រាល់ពីរឆ្នាំម្តង ដើម្បីរឹតចំណងទំនាក់ទំនង នយោបាយ និងសេដ្ឋកិច្ច រវាងទ្វីបទាំងពីរ។ ប៉ុន្តែនៅឆ្នាំនេះ ជំនួបមានលក្ខណៈពិសេសដោយភាគីអឺរ៉ុបបានស្នើឧទ្ទិសវេទិកានេះ ដល់បញ្ហារ៉ូហ៊ីងយ៉ា។

អឺរ៉ុបមកលើកទឹកចិត្តមីយ៉ាន់ម៉ាមិនមែនមកដាក់សម្ពាធទេៈ

ជំហរដ៏ចម្បងរបស់អឺរ៉ុប គឺរក្សាអន្តរកាលប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ដែលអាច ផុយបាក់ដោយសារវិបត្តិរ៉ូហ៊ីងយ៉ា។ តាមរយៈ ប្រសាសន៍របស់លោកស្រី ប្រមុខការទូត សហភាពអឺរ៉ុប Federica Mogherini ដែលទើបបានជួបពិភាក្សារួចជាមួយលោកស្រីប្រមុខការទូតមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី គឺអឺរ៉ុបគ្មានជំហរនយោបាយជ្រៀតជ្រែក ឬចង់ដាក់សម្ពាធលើមីយ៉ាន់ម៉ា និងរដ្ឋាភិបាលស៊ីវិលថ្មីថ្មោងនេះទេ ប៉ុន្តែការដែល អឺរ៉ុបមកជជែកពិភាក្សាជាមួយមីយ៉ាន់ម៉ា រឿងរ៉ូហ៊ីងយ៉ាថ្ងៃនេះ មកពីចង់ដើរតួជា អ្នកបើកផ្លូវ បើកឱកាសឱ្យមានកិច្ចចរចា។

វេទិកាថ្ងៃនេះ គឺជាការលើកទឹកចិត្ត មីយ៉ាន់ម៉ា និងបង់ក្លាដែស ឲ្យធ្វើការរួមគ្នា ចូលតុចរចាគ្នា។ ជាការចរចា ដោយមាន ការគាំទ្រពីសហភាពអឺរ៉ុប និងសហគមន៍ អន្តរជាតិ ដើម្បីឈានទៅសម្រេចការចុះ កិច្ចព្រមព្រៀងស្តីអំពីការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីបង់ក្លាដែស ឱ្យត្រលប់មក មីយ៉ាន់ម៉ាជាដីកំណើតរបស់ពួកគេវិញ។ ឯចំណែករដ្ឋមន្ត្រីការបរទេសបារាំង ដែលអញ្ជើញទៅចូលរួមក្នុងវេទិកានោះដែរ បានផ្តល់តម្លៃខ្លាំងដល់ស្វែងរកច្រកផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួន។

តាំងតែពីខែសីហាមក មានជនជាតិរ៉ូហ៊ីង យ៉ា ជាងកន្លះលាននាក់ រស់នៅរដ្ឋរ៉ាក់ឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បាននាំគ្នារត់គេចចេញពីប្រតិបត្តិការយោធាបង្ក្រាបដ៏ហិង្សា ទាំងហ្វូងៗសំដៅទៅប្រទេសបង់ក្លាដែស ជិតខាង ដែលមានទំនៀមទម្លាប់ប្រពៃណីសាសនាអ៊ិស្លាមដូចគ្នា។ ប៉ុន្តែបញ្ហា នៅត្រង់ថា បង់ក្លាដែលលែងមានសមត្ថភាពទទួលពួកគេ ព្រោះបង់ក្លាដែសបានទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមួយលាននាក់រួចទៅហើយកាលពីឆ្នាំទៅ ទើបវិបត្តិនេះបានក្លាយជាបញ្ហាមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិមនុស្សជាតិ។

បង់ក្លាដែសប្រទេសអ្នកទទួលជនភៀសខ្លួនបានប្រឹងប្រែងបន្តការចរចាជាមួយមីយ៉ាន់ម៉ារហូតមកដើម្បីបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាត្រលប់ទៅកន្លែងកំណើតវិញ ប៉ុន្តែការចរចាមានដំណើរដូចអូសឫស្សីបញ្ច្រាសចុង។ ខាងយោធាមីយ៉ាន់ម៉ាបដិសេធ សំណើរបស់បង់ក្លាដែស។

មីយ៉ាន់ម៉ា-បង់ក្លាដែស ទទួលយក ដំណោះស្រាយរបស់ចិនៈ

ក្នុង ឱកាសមកបំពេញទស្សនកិច្ច និងចូលរួមក្នុងជំនួបកំពូលអាស៊ី-អឺរ៉ុបនេះ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ក៏បានកាន់គម្រោងដំណោះស្រាយ បីដំណាក់ កាលមកជាមួយដែរ។

សម្រាប់លោកប្រមុខការទូតចិន ដំណាក់ កាលទីមួយ ត្រូវមានការឈប់បាញ់ទាំង ស្រុង ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅបានដោយសន្តិភាព និងគ្មានការភិតភ័យរុញច្រានឱ្យរត់ភៀសខ្លួន។ មានការឈប់បាញ់ ហើយ ត្រូវមានការចរចាទ្វេភាគីរវាងមីយ៉ាន់ម៉ានឹងបង់ក្លាដែសទៀត ដើម្បីរកច្រកចេញ ហើយដំណាក់កាលទីបី ដែលជាដំណាក់ កាលចុងក្រោយ គឺប្រទេសទាំងពីរត្រូវធ្វើការរួមគ្នាស្តីពីការស្រាយជម្លោះ សម្រាប់ រយៈពេលវែង ពោលគឺកាត់បន្ថយភាព ក្រីក្រនៅរដ្ឋរ៉ាឃីន ដោយមានជំនួយអន្តរ ជាតិ។

ស្ថានភាពពេលនេះ ហាក់សឹងអាចចាត់ទុកបានថាជាដំណាក់កាលទីមួយហើយ ដូច្នេះដល់វេលាដែលភាគីមីយ៉ាន់ម៉ានិង បង់ក្លាដែស ចាប់ផ្តើមគិតគូរជជែកគ្នាអំពី ការវិលត្រលប់របស់ជនភៀសខ្លួនហើយ ហើយបើមានការព្រមព្រៀងគ្នា គេត្រូវចុះ ហត្ថលេខាភ្លាម ! នេះជាការគូសបញ្ជាក់ បន្ថែមរបស់លោក វ៉ាង យី ដែលបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងអង្គការ សហប្រជាជាតិជួយចូកជួយចែវ រៀបចំ​លក្ខខណ្ឌចាំបាច់ និងសម្រួលស្ថាន ការណ៍ឱ្យ ប្រទេសទាំងពីរសម្រេចបំណង នេះបាន។

ដោយ គ្មានការភ្ញាក់ផ្អើល ចំពោះ សំណើរបស់ចិននេះ ត្រូវបានបង់ក្លាដែស​និងមីយ៉ាន់ម៉ា ព្រមទទួលយកហើយ ! ព្រោះចិនជាអ្នកគាំទ្រដ៏សំខាន់របស់មីយ៉ាន់ម៉ា ដែលឯកាលើឆាកអន្តរជាតិ និងជាអ្នក វិនិយោគលំដាប់ទីមួយនៅក្នុងប្រទេស មីយ៉ាន់ម៉ា។ កាលពីសប្តាហ៍មុនទៀត ចិនបានចេញមុខជំទាស់និងរារាំងមិនឱ្យអង្គការសហប្រជាជាតិចេញ សេចក្តីសម្រេចថ្កោលទោសមីយ៉ាន់ម៉ាទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print