ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកូនប្រុសស្រី២នាក់ចេញពីសាលា ហើយមកដល់ផ្ទះ ប្រទះឃើញម្ដាយដេកស្លាប់ក្បែរបន្ទប់ទឹកក្នុងផ្ទះ ហើយស្រែកឆោឡោផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះល្វែង បុរីសន្តិភាព២ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ឡេង មុំ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះ ចំណែកប្តីមានឈ្មោះ ហៀក ស៊ុក អាយុ៣៤ ឆ្នាំ បើកបររថយន្តដឹកដី មានកូនចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ ។
យោងតាមសម្ដីកូនស្រីស្រ្តីរងគ្រោះមានឈ្មោះសុខ ឆៃអៀន៧ឆ្នាំរៀនថ្នាក់ទី១ បានឲ្យដឹងថា មុនកើតហេតុ បន្ទាប់ពីកូនៗ របស់ជនរងគ្រោះវិលពីសាលារៀនវិញ មកដល់ផ្ទះ រុញទ្វារចូល ស្រាប់តែប្រទះឃើញម្តាយ ដេកស្តូកនៅក្បែរបន្ទប់ទឹកនិងមានអង្រែរបុកគ្រឿងនៅក្បែខ្លួនទៀតផង រួចក៏បានស្រែកយំហៅអ្នកជិតខាងអោយមកមើល ទើបដឹងថា ដេកស្លាប់ ហើយរបស់របរ មួយចំនួនរាយប៉ាយពេញផ្ទះ រួចទើបទូរស័ព្ទប្រាប់ប្តីរបស់ស្រ្តីរងគ្រោះដែលកំពុងចេញទៅបើកបររថយន្តដឹកដីបាត់ ។
បើតាមសម្ដីអ្នកជិតខាង បានឲ្យដឹងថាគ្រួសារខាងលើ គឺឧស្សាហ៍ឈ្លោះប្រកែងគ្នាជាញឹកញប័ដោយសារតែប្ដីមានស្រី ហើយកាលពីព្រឹកថ្ងៃទី២៣នេះ ប្តីរបស់ជនរងគ្រោះ បើករថយន្តដឹកដីចេញទៅបាត់ កូនៗ២នាក់ ក៏ចេញទៅសាលារៀនដែរ សល់តែស្រ្តីរងគ្រោះនៅផ្ទះម្នាក់ឯង ហើយគេឃើញបុរសម្នាក់ ចូលទៅជជែកលេង ជាមួយស្រ្តីរងគ្រោះ តែមិនបានដឹងថា ជាអ្នកណា ឬសាច់ញាតិ ហើយក៏ចេញទៅបាត់ រហូតដល់ កូនៗរបស់ជនរងគ្រោះ មកពីសាលារៀនវិញ ទើបប្រទះឃើញម្តាយដឹកស្លាប់ បង្កឲ្យឆោឡោតែម្តង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល ។
ដោយឡែកបុរសជាប្តី បានឲ្យដឹងថា ប្រពន្ធខ្លួនទើបខ្ចីលុយគេ១មុឺនដុល្លា កាលពី៣ថ្ងៃមុន ដើម្បីយកមកធ្វើដើមរកសុី ហើយទើបតែចំណាយអស់១ពាន់ដុល្លា មិនដឹងថា មកដល់ថ្ងៃកើតរឿងបែបនេះ ប្លន់យកលុយ៩ពាន់ដុល្លា ឬយ៉ាងណានោះទេ ។
នៅកន្លែងកើតហេតុ មតិលើកឡើងផ្សេងៗគ្នា អ្នកខ្លះសន្និដ្ឋានថាជាករណីប្លន់សម្លាប់យកលុយ៩ពាន់ដុល្លា ព្រោះនៅខ្លួនជនរងគ្រោះមានស្លាកស្នាម និងរបស់របរក្នុងផ្ទះរប៉ាត់រប៉ាយ ខុសប្រក្រតី តែមតិខ្លះថាស្លាប់ដោយសារជម្ងឺខ្យល់គ ។
ទោះជាយ៉ាងណាក្តី ករណីខាងលើ សមត្ថកិច្ចមិនទាន់កំណត់នៅឡើយ ថាជារឿងអ្វីឲ្យប្រាកដ រងចាំសមត្ថកិច្ចជំនាញ ចុះមកពិនិត្យកោសល្យវិច័យជាមុនសិន ៕ដោយ៖ ភារ៉ា ដង្កោ