ភ្នំពេញ ៖ នៅទីស្តីការគណ:រដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាគណ:អធិបតី ជាមួយលោក ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន និងលោកឧបនាយក រដ្ឋមន្រ្តី យឹម ឆៃលី ក្នុងកិច្ចប្រជុំដើម្បីអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលលេខ ១០២ សសរ ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ នាពេលខាងមុខ។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចយកថ្ងៃទី២និងទី៣ធ្នូ ឆ្នាំ២០១៧ នឹងរៀបចំពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋខ្មែរ ដែលនឹងប្រព្រឹត្ត ទៅនៅមុខប្រាសាទអង្គរវត្ត នាខេត្តសៀមរាប ។
ពិធីនេះក្រោមការអញ្ជើញចូលរួម និងជាអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ការប្រារព្ធពិធីបួងសួងតាមបែបព្រះពុទ្ធសាសនានេះ មានពិធីក្រុងពាលី និងសូត្រមន្ត ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ ៥០០អង្គ និងរាប់បាត្រព្រះសង្ឃ៥.០០០អង្គ ។
ក្នុងឱកាសនោះក៏នឹងមានពិធីរត់ម៉ារ៉ាតុន ដោយមានអ្នកចូលរួមជាប្រជាពលរដ្ឋខ្មែរ និងជនបរទេសសរុបប្រមាណ ១ម៉ឺននាក់ ព្រមទាំងមានការសម្តែងសិល្បៈកម្សាន្ត និងការបាញ់កាំជ្រួចអបអរសាទរនាពេលរាត្រីផងដែរ ៕ ជាយក្រុង