ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់ សិស្ស ភាសាអង់គ្លេសទូទៅLevel12 ជំនាន់ទី៤១ ដល់ទី៤៤ ចំនួន៨០៤នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី១ (សាខាទួលស្លែង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី ។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែល ធីគ្រុប និងជាប្រធានគណៈគ្រប់គ្រង នាយកសាខាបានឲ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ ១៨សាខា កំពុងដំណើរការ និង ៣សាខា កំពុងសាងសង់ដែលមានសិស្ស កំពុងសិក្សា ៣៥.០៨២នាក់ ដោយឡែក សិស្សភាសាអង់គ្លេស Level12 ដែលបាន ប្រឡងបញ្ចប់ទាំង៤៤ជំនាន់ មានចំនួន៥. ៤៧៣នាក់។ សាលា ក៏បានបង្កើតកម្មវិធី សិក្សាបន្ថែមធំៗចំនួន៨ សម្រាប់ថ្នាក់ ចំណេះទូទៅ និង ភាសាអង់គ្លេស រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២. កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សន កិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធី ប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធី ប្រកួតប្រជែង ទេពកោសល្យ និងទី៨.កម្ម វិធីកីឡាហើយក្នុងឆ្នាំសិក្សានេះ សាលា កំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាម កម្មវិធីស្តែម(STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។
ក្នុងឱកាសនោះផងដែរលោក លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផល លំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ លោក លី ឆេងក៏បានបន្ថែមទៀតថា ដោយមានការ សំណូមពរពីមាតាបិតា អាណាព្យាបាល និងសិស្ស-និស្សិត ក្នុងឆ្នាំ២០១៧នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានបើកកម្មវិធីសិក្សាជាភាសាជាតិ បន្ថែមលើកម្មវិធីសិក្សាអន្តរជាតិដែលមានស្រាប់ ដោយបង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងផ្តល់ជូនថ្នាក់បំប៉នភាសា អង់គ្លេស និងកុំព្យូទ័រ ១ឆ្នាំ ដោយឥតគិតថ្លៃ ដើម្បីបំពេញសេចក្តីត្រូវ ការ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។
សាកលវិទ្យាល័យ មានកម្មវិធីសិក្សា៥ធំៗ ដូចជា ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់ឆ្នាំ សិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរៀន ១ឆ្នាំ ២ដងគឺ ខែតុលា និងខែមីនា ដោយសិក្សា លើមុខជំនាញសំខាន់ៗ ដែលស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត ស្របតាមសម្ព័ន្ធអប់រំអាស៊ាន “ជំនាញអនាគត សម្រាប់អាជីពអនាគត”។
លោក ក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សជ័យលាភីឲ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សាបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សាដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនដណ្តើមទីផ្សារការងារ ជាតិ និងអន្តរជាតិ ព្រមទាំងមានសមត្ថ ភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ។ បន្ទាប់មកលោក ប្រធានគណៈ អធិបតី ក៏បានចូលរួមអបអរសាទរ និង ប្រគល់វិញ្ញាបនបត្រដល់សិស្សជ័យលាភីទាំង៨០៤នាក់ នាពេលនោះផងដែរ ៕ ស រស្មី