ខេត្តកណ្តាល ៖ មនុស្ស៣នាក់បានរងគ្រោះថ្នាក់ចរាចរធ្ងន់ស្រាល កើតឡើងរវាងម៉ូតូនិង រថយន្ត កាលពីវេលាម៉ោង៨និង១0នាទី ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ៤៥-៤៦ ស្ថិតក្នុងភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញម៉ូតូម៉ាកHONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1F-7950 បើកបរដោយឈ្មោះ មាន សាមន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិបាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង រួមដំណើរដោយឈ្មោះ ងាំ ធីណាត ភេទប្រុស អាយុ៣៤ឆ្នាំ (ព្រះសង្ឃ) មានទីលំនៅភូមិជាមួយគ្នា បើកក្នុងទិសដៅពីអ្នក លឿងទៅភ្នំពេញ (ពីត្បូងទៅជើង) ។
សាក្សីបន្តថា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តម៉ាកកាមរី កូរ៉ូឡា ពណ៌ក្រហមចាស់ ប្រភេទទេសចរណ៍ ពាក់ស្លាកភ្នំពេញ2G-8041 បើកបរដោយ ឈ្មោះ ម៉ា លាង ភេទប្រុស អាយុ៧៣ឆ្នាំ មានទីលំនៅភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល ខណៈបើកចេញពីផ្ទះនៅខាងកើតផ្លូវ បំណងឆ្លងកាត់ថ្នល់ ទៅខាងលិច បណ្តាលឲ្យរងរបួសធ្ងន់អ្នកជិះម៉ូតូទាំង២នាក់ ហើយត្រូវបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរបានចុះមកធ្វើកំណត់ហេតុវាស់វែងតាមជំនាញ រួចបានសន្និដ្ឋានថា មូលហេតុគឺមកពីអ្នកបើកបររថយន្តឈ្មោះ ម៉ា លាង ធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន ទើបបង្កកើតមានគ្រោះថ្នាក់យ៉ាងដូច្នេះ ។
បច្ចប្បន្នមធ្យោបាយធ្វើដំណើរទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។ ចំណែកអ្នករងរបួសត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ៕ ស្អាងជ័យ