ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាសម្តែងយេៗ កញ្ញាវីរិយ៉ា ហៅ យ៉ាយ៉ា បានឡើងយន្តចាកចេញពីកម្ពុជាទៅច្រៀងរាំលើកដំបូងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២៥ខែវិច្ឆិកានេះ។ នាងនឹងចូលរួមច្រៀងរាំក្នុងកម្មវិធីកម្សាន្តមួយចំនួននៅរដ្ឋជាច្រើនដែលមានប្រជាជនខ្មែររស់នៅ។
តារាស្រីសម្បូរសាច់ទ្រូងរូបនេះបញ្ជាក់មុនពេលឡើងយន្តហោះនោះថា នាងទទួលបានការអញ្ជើញពីអ្នកផលិតកម្មវិធីដែលជាសមាគមន៍ខ្មែរធំមួយនៅប្រទេសអូស្ត្រាលី។ នាងថា នាងនឹងចំណាយពេលច្រើនខែដើម្បីច្រៀងរាំនៅតាមរដ្ឋមួយចំនួនដែលមានប្រជាជនខ្មែររស់នៅទីនោះ ហើយការបើកឆាកដំបូងរបស់នាងនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែក្រោយនេះជាមួយនឹងសិល្បករដែលធ្វើដំណើរពីកម្ពុជាមួយចំនួនទៀត។ នាងបញ្ជាក់ដែរថា នាងត្រៀមបទចម្រៀងមួយចំនួនដើម្បីច្រៀងបំពេរអារម្មណ៍បងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលី ពិសេសចំថ្ងៃឆ្លងឆ្នាំសាកលខាងមុខនេះផងដែរ។ នាងថា ការចេញទៅច្រៀងរាំលើកដំបូងរបស់នាងនៅទីនោះនឹងទទួលបានការគាំទ្រច្រើន ហើយក៏រំពឹងដែរថា នាងនឹងមានដំណឹងល្អពីគម្រោងជួញដូរហូលផាមួងខ្មែរ។ ចំណែករឿងស្នេហាវិញនាងថា ពិបាកនិយាយណាស់ ព្រោះតែមិនទាន់គិត មិនមានគម្រោងទទួលយកស្នេហាក្រៅស្រុកនៅឡើយដែរ។
ក្រៅពីច្រៀងរាំលើកដំបូងនៅទីនេះនាងក៏បាននាំយកទៅជាមួយស្នាដៃតម្បាញដ៏ប្រណីតរបស់ខ្មែរគឺ ហូល ផាមួង ដើម្បីទៅលក់ខ្លះ និងដើម្បីស៊ើបសួរស្វែងរកទីផ្សារមុនពេលដែលនាងចង់សម្រេចចិត្តបោះដុំ នៅតាមរដ្ឋមួយចំនួនផងដែរ។ នាងថាប្រសិនបើគម្រោងស្វែងរកទីផ្សារហូលផាមួងនេះទទួលបានផ្លែផ្កា នាងអាចនឹងមានសង្ឃឹមក្នុងការស្វែងរកមុខជំនួញថ្មីបន្ថែមផងដែរ៕