ស្រវឹងស្រឿងៗ ខឹងគេជិះរថយន្តកៀរ ស្ទុះវាយមួយដៃ ប៉ះចំអ្នកមានកាំភ្លើង បាញ់មួយគ្រាប់ វាយសងបែកក្បាលហូរឈាម

ចែករំលែក៖

ភ្នំពេញ ៖ បុរស៣នាក់ដែលទើបចេញពីកន្លែងផឹកស៊ីស្រវឹង ស្រឿង ខឹងអ្នកបើករថយន្តកៀរម៉ូតូ ខ្លួនដួលបានព្យាយាមសងសឹក ដោយវ៉ៃបុរសអ្នកបើករថយន្តមួយដៃបណ្តាលឲ្យបែកមាត់ ខណៈ ឈប់ជុះនោមនៅតាមបណ្តោយផ្លូវ៥៩៨ មុខហ្ការ៉ាសសាំងតេលា ក្បែរនឹងស្នងការរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

ប្រភពបានឲ្យដឹងថា ភាគីម៉ូតូមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ។ ក្នុងចំណោមអ្នកទាំង៣នាក់ មានម្នាក់បានរងការវាយពីភាគីរថយន្តបណ្តាលឲ្យបែកក្បាលហូរឈាមដោយប្រើកាំភ្លើង និង២នាក់ទៀតបានបើកម៉ូតូគេចបាត់ បន្ទាប់ពី មានស្នូរគ្រាប់កាំភ្លើងមួយគ្រាប់ផ្ទុះឡើងលើ ។

បុរសភាគីម៉ូតូឈ្មោះ សឿន សុផៃ អាយុ១៩ឆ្នាំ ស្នាក់នៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។ ចំណែកភាគីម្ចាស់រថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ជិះរថយន្តប្រភេទBMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG-7898 ។

តាមការរៀបរាប់ពីភាគីម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ជិះម៉ូតូមួយគ្រឿង មានគ្នា៣នាក់ ជិះចេញពីកន្លែងផឹកស៊ីនៅព្រែកព្នៅ ។ លុះធ្វើដំណើរមកដល់ផ្លូវលេខ៥៩៨ ស្រាប់តែមានរថយន្តខាងលើបើកកៀរឲ្យដួលម៉ូតូ តែមិនរងរបួសធ្ងន់អីនោះទេ ក៏បន្តដំណើរទៅមុខ ស្រាប់តែឃើញម្ចាស់រថយន្តឈប់បត់ជើងតូច ក៏ស្ទុះទៅវាយភាគីរថយន្តមួយដៃ ហើយត្រូវម្ចាស់រថយន្តនោះដកកាំភ្លើងបាញ់មួយគ្រាប់ឡើងលើ រួចយកកាំភ្លើងវាយបណ្តាលឲ្យបែកក្បាលហូរឈាម ។ ចំណែកមិត្តភក្តិ២នាក់ទៀត បានជិះម៉ូតូគេចខ្លួនចោលបាត់ស្រមោលបន្ទាប់ពីម្ចាស់រថយន្តដក កាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ។

បច្ចុប្បន្ន ទាំង២ភាគីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print