មុន​ថ្ងៃ​សវនាការ​រឿង​ក្តី​ប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ,​ សាច់​ញាតិ​ជនជាប់ចោទ​ សុំ​ឱ្យ​សម្តេច​តេជោ​ ជួយ​រក​យុត្តិធម៌​​

ចែករំលែក៖

ភ្នំពេញ​ ៖ ​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ខាងមុខ​នេះ​ ​នឹង​ជំនុំជម្រះ​រឿង​ក្តី​លោក​ហេង​ ពៅ​ អតីត​​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ និង​ កូន​ចៅ​ ពាក់ព័ន្ធ​បទល្មើស​ប៉ុនប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ចាងហ្វាង​កាសែត​កោះ​សន្តិភាព​ កាលពី​ឆ្នាំ​១៩៩៨។

ចន្លោះ​ពេល​នេះ​ សាច់ញាតិ​ជនជាប់ចោទ​ សុំ​ឱ្យ​សម្តេច​តេជោ​ជួយ​រក​យុត្តិធម៌​ផង​ ដោយសារ​រូប​គេ​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ ។​ គ្រួសារ​ជនជាប់ចោទ​រូប​នេះ​ អះអាង​ថា​ រឿងក្តីមួយនេះ​មាន​តែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ មួយ​រូប​គត់​ដែល​អាច​ស្វែងរក​ពន្លឺ​យុត្តិធម៌​បាន​។

ជនជាប់ចោទ​ក្នុង​រឿង​ក្ដី​នេះ​មាន​បី​នាក់​ គឺ​ លោក​ ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ លោក​ លី​ រ៉ាស៊ី​ អតីត​អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ លោក​ ផេង​ ផៃ​ អតីត​ប្រធាន​ការិយាល័យ​ជនបរទេស​នៃ​ស្នងការ​ក្រុង​ភ្នំពេញ​​ ។

សាច់ញាតិ​ជនជាប់ចោទ​ឈ្មោះ​ លី​ រ៉ាស៊ី​ អះអាង​នៅ​ថ្ងៃទី​២៧​ ខែវិច្ឆិកា​ ថា​ លី​ រ៉ាស៊ី​ ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​នោះទេ​ អ្វីៗ​ទាំងអស់​សុទ្ធ​តែ​ជា​ការ​ទម្លាក់​កំហុស​ ។​ ពួកគេ​សង្ឃឹម​ថា​ តុលាការ​កំពូល​ ជា​ពិសេស​សម្តេច​តេជោ​ហ៊ុន​ សែន​ ជួយ​​ស្វែងរក​យុត្តិធម៌​ជួយ​លី​ រ៉ាស៊ី​ បាន​ ។​ 

​សវនាការនេះ​ ដឹកនាំ​ដោយ​លោក​ស្រី​ គិម​ សត្ថាវី​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ឌុច​ គឹមសន​ ជា​តំណាង​មហា​អយ្យការ​ ។

រឿង​ក្ដី​នេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ ផ្តន្ទា​ទោស​ក្រុម​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​១៦ឆ្នាំ​ទៅ​១៨ឆ្នាំ​និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ប៉ុនប៉ង​សមគំនិត​ឃាតកម្ម​គិត​ទុក​ជា​មុន​”​ប្រព្រឹត្ត​នៅ​ចំណុច​វត្ត​ទឹក​ថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​ឫស្សីកែវ​ កាលពី​ថ្ងៃទី​០៨​ ខែ​មិថុនា​ ឆ្នាំ​១៩៩៨។

តាមអង្គហេតុ គឺ​ កាលពីព្រឹកថ្ងៃទី០៨​ ខែមិថុនា ឆ្នាំ១៩៩៨ មានជនប្រដាប់អាវុធពីរនាក់ បាញ់ប្រហារលើឧកញ៉ាថុង អ៊ុយប៉ាង ក្នុងកម្មវិធីបុណ្យនៅវត្ត ទឹកថ្លា ត្រូវចំពីរគ្រាប់របួស​ តែអង្គរក្សលោកបានបាញ់ត្រូវជនល្មើសមួយគ្រាប់របួសដៃឆ្វេង។​ ក្រោយ​មក​ ពុំ​ទាន់​មាន​ការ​ចាប់​ខ្លួន​ជនល្មើស​ទេ។

សាច់ញាតិ​ជនជាប់ចោទ​ លី​ រ៉ាស៊ី​ បន្ត​ថា​ រហូត​លោក​ហេង​ ពៅ​ មាន​ទំនាស់​ជាមួយ​ថ្នាក់​លើ​ ទើប​គេ​ទម្លាក់​កំហុស​មក​លើ​ លី​ រ៉ាស៊ី​  និង​ចាប់​ខ្លួន​ តែ​ម្តង​ ។

ចំណែក​ រឿងមួយទៀត​ គឺ​ ការអនុវត្តគោលនយោបាយកណ្តាប់ដៃដែករបស់សម្តេច​ ក៏មានអ្នកចោទប្រកាន់ទម្លាក់កំហុស​ ថា​ លី​ រ៉ាស៊ី​ បង្ខាំងមនុស្សខុសច្បាប់ផងដែ​ តែតាមពិត​ លី​ រ៉ាស៊ី​ ពុំបានប្រព្រឹត្តឡើយ

ជាការកត់សម្គាល់ គ្រប់ដំណាក់កាលទាំងអស់ លោក ហេង ពៅ និង​ កូនចៅ​ តែងតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ៕ ចេស្តា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print