ខេត្តកណ្ដាល ៖ យ៉ាងហោចណាស់មនុស្សចាស់-ក្មេងប្រុសស្រី៧នាក់ទទួលរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដបុកជាមួយម៉ូតូនិងបន្ដបុកកង់របស់សិស្សសាលា ខណៈដែលជនរងគ្រោះ២នាក់អង្គុយលើម៉ូតូ រីឯក្មេងៗ៥នាក់ទៀតកំពុងចេញពីរៀន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង១១និង០៥នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់៤នាក់ ទី១-ឈ្មោះ ហួត សំនិត ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1W-9814 ទី២-កុមារីឈ្មោះ រី ឆេងអ៊ី អាយុ១២ឆ្នាំ មុខរបរសិស្ស (ជិះកង់) ទី៣-កុមារីឈ្មោះ រិន ស្រីទីន អយុ១៤ឆ្នាំ ។
ជនរងគ្រោះទី២និងទី៣មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល និងទី៤-កុមារីឈ្មោះ ភាន់ ស្រីនាង អាយុ១៥ឆ្នាំ មុខរបរសិស្ស (ជិះកង់) មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល រីឯជនរងគ្រោះរងរបួស្រាលមានចំនួន៣នាក់ ទី១-ឈ្មោះ ឆែម កយ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ជិះម៉ូតូម៉ាកសង់កូរ៉េ ធុនសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ រ 6437 ភ.ព1 ទី២-កុមារីឈ្មោះ ភា ដារ័ត្ន អាយុ១២ឆ្នាំ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាលនិងទី៣-ឈ្មោះ អេម ដាណេ អាយុ១២ឆ្នាំ មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកឯរថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-5849 បើកបរដោយឈ្មោះ គាន ផាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិវារិន ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កុមារីរងគ្រោះបាននាំគ្នាជិះកង់ចេញពីសាលាដោយមានមន្រ្ដីនគរបាលនិងមន្រ្ដីកងរាជអាវុធហត្ថជួយសម្រួលចរាចរណ៍ផងដែរ រីឯជនរងគ្រោះ២នាក់ទៀតជាអ្នកជិះម៉ូតូបានឈប់រួចអង្គុយនៅលើម៉ូតូរបស់ខ្លួនរងចាំសិស្សសាលាចេញផុតពីផ្លូវទើបធ្វើដំណើរទៅមុខទៀត ខណៈនោះផងដែរស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយឈ្មោះ គាន ផាន់ណា ធ្វើដំណើរក្នុងទិសដៅត្បូងទៅជើង ដោយល្បឿនលឿននិងពុំមានការប្រុងប្រយ័ត្នក្នុងទីប្រជុំជន ខណៈដែលក្មេងកំពុងតែតែចេញពីរៀននោះទេ ក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះទាំង២គ្រឿង រួចបន្ដជ្រុលទៅបុកជាមួយកង់របស់សិស្សសាលាចំនួន២គ្រឿងនិងកុមារជាអ្នកថ្មើរជើង បណ្ដាលឲ្យជនរងគ្រោះចាស់ក្មេងប្រុសស្រី៤នាក់ទទួលរងរបួសធ្ងន់ រី៣នាក់ទៀតរងបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងកសាងឯកសារដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចចរាចរណ៍សន្និដ្ឋានច្បាស់ថា ករណីខាងលើនេះគឺបណ្ដាលមកពីរថយន្ដបង្កបើកមិនគោរពច្បាប់តាមការកំណត់ល្បឿនក្នុងទីប្រជុំជន មានការធ្វេសប្រហែស ទើបបានជាជ្រុលទៅបុកជនរងគ្រោះរងរបួសធ្ងន់បែបនេះ ៕ ស្អាងជ័យ