ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជនរងគ្រោះបានបើកម៉ូតូក្នុងល្បឿនលឿនទៅបុក គោយន្តដឹកឈើពីក្រោយពេញមួយទំហឹងជាប់ម៉ូតូនឹងគោយន្ត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៥នាទី ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៧ ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨១និង៨២ ដែលស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ម៉ែន ស៊ីណាត ភេទប្រុសអាយុ២៥ឆ្នាំរស់នៅក្នុងភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១B-៤៤៩៩ ក្នុងទិសដៅពីជើទៅត្បូង ដែលបើកក្នុងល្បឿនយ៉ាងលឿន នៅពេលមកដល់ចំណុចកើតហេតុ ក៍ជ្រុលទៅគោយន្តកន្រ្តៃដឹកឈើមួយគ្រឿងពេញមួយទំហឹង ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលអោយម៉ូតូកៀបជាប់និងគោយន្ត ចំណែកឯកជនរងគ្រោះបានប៉ើងខ្ទាតចេញពីម៉ូតូបោកនិងគោយន្ត បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសាដឹកយកទៅធ្វើបុណ្យ ចំណែកឯកមធ្យោបាយបង្ករ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕ ចន្ថា