ករណីបង្កហិង្សា​វាយគ្នាទៅ​វិញ​ទៅមក​នៅ​ក្នុងផ្សារតាខ្មៅក្រុង​តាខ្មៅ​ ,​ ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ៗ​ពេល​អ្នក​របួស​ធ្ងន់​ជាប់​ទោស​ រីឯអ្នក​​របួសស្រាល​​រួច​ខ្លួន​

ចែករំលែក៖

ខេត្តកណ្ដាល​ ​៖​ករណី​ហិង្សា​វាយគ្នាទៅ​វិញ​ទៅ​មក​នៅ​ក្នុងផ្សារតាខ្មៅចាស់ ក្រុង​តាខ្មៅ​ ពេល​នេះ​ ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ៗ​ ដោយសារ​តែ​ភាគី​រងរបួស​ធ្ងន់​កំពុង​ដេក​នៅ​មន្ទីរពេទ្យ​ជាប់​ទោស​ រីឯ​អ្នក​រងរបួស​ស្រាល​រួច​ខ្លួន​ទៅវិញ​ ។​ សាច់ញាតិ​ខាង​ភាគី​កំពុង​ជាប់​ទោស​ ស្រែក​ខ្លាំងៗ​ពី​ភាព​អយុត្តិធម៌​នេះ​ និង​ សូម​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​រក​យុត្តិធម៌​ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ កាលពី​យប់​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ មាន​ករណី​ហិង្សា​មួយ​ នៅ​ចំណុច​ផ្សារ​តាខ្មៅ​ចាស់​ ភូមិ​តាខ្មៅ​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ដោយ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ យ៉េត​ ណារិន​ អាយុ​៣៦ឆ្នាំ​ មុខរបរ​លក់​គ្រឿង​សមុទ្រ​ ដោយ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​ ។

សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ អះអាង​ថា​ ករណី​នេះ​ គឺ​ ផ្តើម​ពី​ទំនាស់​ពាក្យ​សម្ដី​ជាយូរមកហើយ​ ដោយ​មាន​ការ​គុំកួន​គ្នា​ ។​ លុះ​យប់​កើត​ហេតុ​ ខាង​ស្រី​ៗ​ឈ្លោះ​ប្រកែក​គ្នា​រហូត​ផ្ទុះ​ហិង្សា​ទៅ​វិញ​ទៅ​មក​ ទើប​ភាគី​ខាង​ប្រុស​ចូល​ជួយ​ឃាត់​ ។​

សមត្ថកិច្ច​អះអាង​ថា​ បុរស​ឈ្មោះ​ យ៉េត​ ណារិន​ បាន​យក​ដែក​ថ្នាំង​អំពៅ​ វាយ​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ ។​ ចំណុច​នេះ​ បង​ស្រី​របស់​ឈ្មោះ​ យ៉េត​ ណារិន​ បញ្ជាក់​ថា​ ប្អូន​ប្រុស​​ពុំ​បាន​វាយ​ទេ​ តែ​ភាគី​ម្ខាងទៀត​ទៅ​វិញ​ទេដែល​វាយ​ ប្អូន​ថ្លៃ​ស្រី​ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ឈ្មោះ​ យ៉េត​ ណារិន​ រងរបួស​ធ្ងន់​កំពុង​ដេក​សម្រាក​នៅ​មន្ទីរពេទ្យ​ ថែម​ទាំង​មាន​ផ្ទៃពោះ​ជាង​មួយ​ខែ​ថែម​ទៀត​ផង​ ។​

ប្រភព​អះអាង​ថា​ ពេល​នេះ​ លោក​គ្រូ​ពេទ្យ​កំពុង​ចង់​បញ្ជូន​ស្ត្រី​រូប​នេះ​ទៅ​ភ្នំពេញ​ដើម្បី​ព្យាបាល​បន្ត​ ដោយសារ​ស្ត្រី​រូប​នេះ​ធ្ងន់ធ្ងរ​ ប្រកាច់​ម្តងៗ​។

ដោយ​ឡែក​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តុលាការ​ បញ្ជាក់​ថា​ ពេល​នេះ​តុលាការ​បាន​​​ឱ្យ​លោក​ ស​ កែវ​ពិសិដ្ឋ​ អធិការ​នគរបាល​ក្រុង​តាខ្មៅ​  ពិនិត្យ​ករណី​ឡើង​វិញ​ បើ​ជា​ករណី​ហិង្សា​ទៅ​វិញ​ទៅ​មក​ ត្រូវ​ឃាត់ខ្លួន​ទាំងអស់​ ធ្វើ​តាម​នីតិវិធី​ ៕(ដោយ:ឆ ដា)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print