ខ្សឹបដាក់ត្រចៀក ៖ អធិការ ម៉ក់ ហុង រងនូវការរិះគន់ពីមន្ត្រីថាបានបន្សល់ទុកនូវគំរូដ៏មិនគម្បី (មានវីដេអូ)

ចែករំលែក៖

ទន្ទឹមនឹងការដឹកនាំ មិនមានតម្លាភាព ខ្វះការទទួលខុសត្រូវ បង្កើតបញ្ហាបក្ខពួក គាប សង្កត់ កូនចៅ ប្រើហិង្សា និងពុករលួយជាដើម…លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ សែនសុខ ដែលនឹងត្រូវចូលកាន់តំណែងជានាយការិយាល័យនគរបាលទេសចរណ៍ នា ពេលខាងមុខនេះ បាននឹងកំពុងបន្សល់ទុកជាគំរូដ៏អាក្រក់ ដែលមន្ត្រីក្រោមឱវាទរិះគន់និង  ហួសចិត្ត មិននឹកស្មានដល់ថា លោកអធិការ ម៉ក់ ហុង មានចេតនាប្រមូលខ្ទេច ប្រមូលខ្ទី ទ្រព្យសម្បត្តិនៅក្នុងអង្គភាព ធ្វើជាកម្មសិទ្ធិរបស់ខ្លួន?

មន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ក្នុងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានលើកឡើងថា លោកអធិការ ម៉ក់ ហុង បង្កើតឲ្យមានការថ្នាំងថ្នាក់ពីមន្ត្រី ពិសេសគាត់គ្មានចេតនាសូម្បីតែ បន្តិច សម្រាប់បន្សល់ទុកនូវកិត្តិយស សេចក្តីថ្លែថ្នូរក្នុងអង្គភាព នាមជាអ្នកដឹកនាំ ស្រប ពេលដែលតំណែងគាត់ត្រូវបានផ្លាស់ប្តូរនាពេលខាងមុខ បែរជាយករថយន្តចំនួន៤គ្រឿង  ទៅទុកនៅផ្ទះ ហើយបង្ខំចិត្តយកមកប្រគល់ឲ្យអង្គភាពវិញចំនួន២គ្រឿង បន្ទាប់ពីរងនូវការ ស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរពីលោកឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។

ដោយឡែករោងចំណតម៉ូតូ រថយន្ត ដែលលោកអធិការ ម៉ក់ ហុង រុះរើយកស័ង្កសី និងដែក ទៅផ្ទះ ក៏ត្រូវបានធ្វើឡើងវិញ ។ ជាមួយនឹងការស្តីបន្ទោសពីថ្នាក់លើ លោក ម៉ក់ ហុង ឆ្លើយយករួចខ្លួនទាំងគ្មានភាពអៀនខ្មាស ថាគាត់រុះរើយកស័ង្កសីនេះគឺគ្រាន់តែចង់ធ្វើ ឡើងវិញឲ្យខ្ពស់ជាងមុនប៉ុណ្ណោះ ។ ធាតុពិត បើពុំមានប្រតិកម្មពីថ្នាក់លើ ប្រាកដណាស់ ថា លោកអធិការរូបនេះ នឹងរុះយកស័ង្កសី យកដែក និងបន្តប្រុងរុះយកខ្យូសប៉ុស្តិ៍យាម  បន្ថែមទៀត ដោយមានហេតុផលថាគាត់ជាអ្នកសង់ ។

នេះបើតាមការខ្សឹបខ្សៀវពីមន្ត្រី ក្រោមឱវាទ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ក្នុងនោះពួកគាត់ហ៊ានទាំងលួច  បង្ហើបថា លោកអធិការ ម៉ក់ ហុង មិនទាន់យករថយន្ត២គ្រឿងដែលខ្លួនកាន់កាប់ជាកម្ម សិទ្ធិនោះប្រគល់ឲ្យអង្គភាពវិញទេ ។ ក្រៅពីនោះ យ៉ាងតិចមានម៉ូតូចាស់ៗ ប្រមាណជិត ៣០គ្រឿង ដែលជាមធ្យោបាយជនសង្ស័យប្រព្រឹត្តបទល្មើស ក៏ដូចជាម៉ូតូជាប់ពាក់ព័ន្ធនឹង ករណីគ្រោះថ្នាក់ចរាចរណ៍ តែមិនបានចូលខ្លួនមកដោះស្រាយ ក៏ត្រូវបានលោកអធិការ ម៉ក់ ហុង យករថយន្តដឹកចេញ មិនដឹងថាយកទៅរក្សាទុក បោះចោល ឬឡៃឡុងលក់យ៉ាងណានោះទេ ។

ពួកគេបានទស្សន៍ទាយរបៀបការចំអកថា ស្រួលមិនស្រួល លោកអធិការ ម៉ក់ ហុង នឹង  ដោះយកទ្វារឈើបន្ទប់របស់គាត់បន្តទៀត ប្រសិនបើថ្នាក់លើមិនបានយកចិត្តទុកដាក់  តាមដានក្នុងរឿងនេះ? ម្យ៉ាងទៀតលោកអធិការ ម៉ក់ ហុង គាត់ទំនងដូចជាមិនសូវដាក់ ចិត្តដាក់ថ្លើមចំពោះភាពខ្មាសអៀន ក្នុងការប្រមូលខ្ទេច ប្រមូលខ្ទី ក៏ដូចជាបន្សល់ទុកនូវ កិត្តិយសជាថ្នាក់ដឹកនាំល្អនោះឡើយ ។

គួររំឭកថា នៅពេលខាងមុខនេះ លោកអធិការ ម៉ក់ ហុង នឹងត្រូវទៅកាន់តំណែងជានាយ ការិយាល័យនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ដោយ ឡែកលោក ហ៊ួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនយុត្តិធម៌ នឹងត្រូវមកកាន់តំណែងជាអធិការនគរបាលខណ្ឌសែនសុខ ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print