ភ្នំពេញ៖ លោក មុំ ប៊ុនថន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការបង្កើត និងការគ្រប់គ្រងសមាគមមនុស្សចាស់ ឃុំ សង្កាត់ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះថាមនុស្សចាស់ ឬសមាជិកសមាជិកា នឹងមានភាពកក់ក្តៅ និងលែងនៅឯកោដូចមុនទៀតហើយបន្ទាប់ពីមានការបង្កើតសមាគមមនុស្សចាស់ នៅតាមបណ្តាសង្កាត់ក្នុងរាជធានីភ្នំពេញនោះ។
អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មាធិការដើម្បីមនុស្សចាស់នៅរាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ព្រមទាំងអភិបាលរងខណ្ឌ មន្ត្រីមន្ទីរចៅសង្កាត់ ប្រធានសមាគមមនុស្សចាស់ ពីគ្រប់បណ្តាសង្កាត់ ផងដែរ។
ក្នុងឱនោះលោកស្រី កែវ សុខពិសី បានលើកឡើង ពីដំណើរការបង្កើតសមាគមមនុស្សចាស់ ឲ្យបានគ្រប់សង្កាត់ក្នុងរាជធានី ទាំង១២ខណ្ឌ មាន១០៥សង្កាត់ ក្នុងនោះបង្កើតបានចំនួន៩៦សង្កាត់ ដោយនៅសល់តែ៩សង្កាត់ ដែលទើបបំបែកសង្កាត់ថ្មីប៉ុណ្ណោះ។
ដោយឡែក លោកស្រី មុំ ចាន់ដានី បានលើកឡើងថា ការបង្កើតសមាគមមនុស្សចាស់ គឺជាការលើកទឹកចិត្ត និងជំរុញមនុស្សចាស់ឲ្យ ជួយគ្នាទៅវិញទៅមក តាមរយៈការផ្តល់វេទិកាមួយ សម្រាប់ការពិភាក្សាលើបញ្ហារបស់ពួកគាត់ ដើម្បីស្វែងរកដំណោះស្រាយ ដូចជាការចូមរួមពិធីបុណ្យ និងព្រឹត្តិការណ៍សំខាន់ផ្សេងៗ។ នៅក្នុងគ្រួសារក្រីក្រ ប្រពៃណីគាំទ្រមនុស្សចាស់ នៅមានកម្រិតជាហេតុបណ្តាលឲ្យមនុស្ស ចាស់មួយចំនួន ត្រូវប្រឈមមុខដោះស្រាយ បញ្ហាដោយខ្លួនឯង និងមានការលំបាក ក្នុងការរកចំណូលប្រចាំថ្ងៃ ពិសេសស្រ្តីជាមនុស្សចាស់ និងមានបន្ទុកគ្រួសារធ្ងន់ធ្ងរ ក្នុងការថែទាំចៅៗដែលនៅ ជាមួយ ដោយសារឪពុក ម្តាយរបស់ពួកគេ បានចាកចេញ ពីផ្ទះទៅប្រកប មុខឆ្ងាយៗ ឬទទួលមរណភាពជាដើម។
លោកស្រីប្រធានមន្ទីរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គសិក្ខាកាម ដែលបានចូលរួមក្នុងអង្គសិក្ខាសាលា ដែលជាមនុស្សចាស់ ពោរពេញទៅដោយបទពិសោធន៍ការងារ និងជាអ្នកត្រួសត្រាយបើកផ្លូវទុកឲ្យក្មេងៗជំនាន់ក្រោយដែលជាកូនជាចៅ សម្រាប់អនុវត្តការងារបន្តពីពួកគាត់៕ ប្រាថ្នា